នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖កុមារីម្នាក់បានស្លាប់ដោយសារ ជំងឺផ្តាសាយបក្សី H5N1 នៅខេត្តព្រៃវែង
ភ្នំពេញ៖នៅដើមឆ្នាំ ២០២៣នេះ កម្ពុជារកឃើញកុមារីម្នាក់បានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី (H5N1) នៅខេត្តព្រៃវែង ខណៈស្ថាប័ន ពាក់ព័ន្ធបានចុះទៅយកសំណាកដើម្បីវិភាគរករកមេរោគ និងបាន អំពាវនាវ ដល់ប្រជាពលរដ្ឋកុំឱ្យប៉ះពាល់បក្សីឈឺ ឬងាប់ ចៀសវាង ការចម្លងមេរោគពីសត្វទៅមនុស្ស។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានរកឃើញថា កុមារីម្នាក់ អាយុ ១១ ឆ្នាំ ៦ ខែ រស់នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី( H5N1)។
CDC បានឱ្យដឹងថា កុមារីចាប់ផ្តើមឈឺនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក ។ ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ក៏បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។ លុះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣គ្រូពេទ្យព្យាបាល បាន យកវត្ថុសំណាកផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណ: រួចទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ បញ្ជាក់មានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ។
ប្រភពដដែលបញ្ជាក់ថា៖«កុមារីបានបាត់បង់ជីវិតហើយ និងធ្វើពិធី បុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ»។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងប្រាប់ថា ក្រោយពីទទួលបាន ដំណឹងភ្លាម ខាងក្រសួងបានចាត់តាំងមន្រ្តីជំនាញពីក្រសួង និងមន្រ្តីជំនាញរបស់មន្ទីរកសិកម្មនៅខេត្ត ចុះដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការស្រាវជ្រាវ ប្រមូលសំណាក និងចាត់វិធានការទប់ ស្កាត់កុំឱ្យរាលដាល់ដល់ភូមិឋានដទៃ។ កញ្ញាបានថ្លែងថា៖«ព័ត៌មានដែលទទួលបាននោះ នៅផ្ទះកុមារីរង គ្រោះដែលបានទទួលមរណភាពដោយសារតែជំងឺផ្តាសាយបក្សី( H5N1) គឺមានការ មាន់ចំនួន ២២ក្បាល ហើយទា ៣ ក្បាល ងាប់ខុសប្លែកពីធម្មតា ប៉ុន្តែសត្វដែលងាប់ទាំងអស់នោះពុំមា នអ្នកបរិភោគទេ គឺត្រូវបានយកទៅដុតចោលទាំងអស់»។
កញ្ញា បន្ថែមថានៅចំពោះមុខនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានចាត់តាំងក្រុមការងារពេទ្យសត្វ ខេត្តព្រៃវែង ដើម្បីប្រមូលសំណាករបស់សត្វយកទៅមន្ទីរពិសោធន៍ ដើម្បីវិភាគរកមេរោគបន្តទៀត។
ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង លោក ញ៉ែម សៅគ្រី បានថ្លែងប្រាប់ ថា ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តព្រៃវែង បានចុះទៅដល់ទីតាំងផ្ទាល់ នៅដាក់ចេញនូវ វិធានការចំពោះមុខ ដោយត្រូវសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ ពេទ្យមនុស្សនិងពេទ្យសត្វ។
លោកបន្តថា៖« ក្នុងនោះ មន្រ្តីជំនាញបានអង្កេតស្រាវជ្រាវរក ប្រភពចម្លង ទាំងលើសត្វនិងមនុស្ស រកករណីសង្ស័យ និងអ្នក ប៉ះពាល់ ទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៌ និងក្នុងពិធីបុណ្យ និងអប់រំប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហានេះ»។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) បានធ្វើការអំពាវ នាវដល់ប្រជាពលរដ្ឋ កុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុកនិង បក្សីព្រៃ ហើយក្នុងករណីសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥ ៕
ដោយ៖សុខ រក្សា