សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលរាជធានី-ខេត្ត បង្កើតឆេណែល តេឡេក្រាមដើម្បីឆ្លើយតបព័ត៌មានបានទាន់ពេលវេលា
ភ្នំពេញ៖ ថ្លែងនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែរនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ បង្កើតគ្រុប ឬឆេណែល តេឡេក្រាម (Telegram ) តាមខេត្តរៀងខ្លួនៗ ដើម្បីទទួលបានព័ត៌មាន និងឆ្លើយតបព័ត៌មានក្លែងក្លាយបានទាន់ពេលវេលា ពាក់ព័ន្ធនឹងករណីផ្សេងៗ ដែលកើតឡើងនៅខេត្តរបស់ខ្លួន។

សម្តេចតេជោបានទទួលស្គាល់ថា គ្រុប Telegram គឺជាប្រព័ន្ធមួយដែលផ្តល់ព័ត៌មានដល់ពលរដ្ឋបានយ៉ាងឆាប់រហ័សជាងហ្វេសប៊ុក។

សម្តេចតេជោ បានថ្លែងបន្តថាប្រៀបធៀបនឹងហ្វេសប៊ុក, ឆេណែល Telegram គឺរហ័សឆ្ងាយណាស់ គ្រាន់តែអត់មានការឆ្លងឆ្លើយគ្នា ប៉ុន្តែព័ត៌មានត្រូវបានបំភ្លឺទាន់ពេល អ៊ីចឹងខ្ញុំស្នើឱ្យ (អភិបាលខេត្ត) ធ្វើកិច្ចការងារហ្នឹង ដើម្បីរួមគ្នាទទួលបានព័ត៌មានបានរហ័ស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចនឹងធ្វើទំនាក់ទំនងជាមួយអភិបាលខេត្តណាដែលបង្កើតគ្រុបឆេណែលតេឡេក្រាម ហើយសម្តេចនឹងទាញព័ត៌មានទាំងនោះបញ្ចូលក្នុងគ្រុបឆេណែលតេឡេក្រាមសម្តេចតេជោផ្ទាល់តែម្តងដើម្បីផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយជាងហ្នឹង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អាហ្នឹងដើម្បីជៀសវាងព័ត៌មានបំភ្លៃការពិត យើងត្រូវរួមគ្នាកម្ចាត់ចោលអាព័ត៌មានក្លែងបន្លំ ពីព្រោះពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងជាមួយវា ៕ ដោយ:វណ្ណលុក
