សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យលើកកម្ពស់យេនឌ័រ ដោយការស្នើតែងតាំងត្រូវមានស្ត្រីឲ្យបានច្រើន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យលើកកម្ពស់យេនឌ័រ ដោយការស្នើតែងតាំងត្រូវមានស្ត្រីឲ្យបានច្រើន ដើម្បីចូលរួមការងារជាមួយរាជរដ្ឋាភិបាល ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យការស្នើតែងតាំងមន្រ្តីពីថ្នាក់ខេត្ត សូមយកស្រ្តីឲ្យបានច្រើន ព្រោះបច្ចុប្បន្ន ឃើញការស្នើតែងតាំង គឺស្រ្តីតិចណាស់។ សម្តេច ថា យើងបានជំរុញការងារទៅឲ្យថ្នាក់មូលដ្ឋានច្រើន ហើយក៏យើងបានជ្រើសរើសមន្រ្តីថែមដែរ ។

សម្ដេចតេជោ បន្តថា កន្លងទៅ សម្ដេចបានសង្កេតឃើញរឿងមួយ គឺការស្នើសុំតែងតាំងតំណែងរបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក គឺមានស្ត្រីតិចពេកហើយ នេះជាបញ្ហាដែលខ្ញុំសូមរំឭក។ សម្តេចបានបញ្ជាក់ថា អភិបាលរងប៉ុន្មានដែលទើបតែងតាំង គឺមានចំនួនស្ត្រីតិចពេកហើយ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ឯថ្នាក់ស្រុក ក៏កាន់តែតិចទៅទៀត ហើយបញ្ហានេះកន្លងទៅ ទាំងខ្ញុំក្ដី ទាំងសម្ដេចក្រឡាហោមក្ដី ដែលដឹកនាំមហាផ្ទៃ គឺបានផ្តល់អំណាចដើម្បីឲ្យមូលដ្ឋាន ថ្នាក់ខេត្តជាអ្នកជ្រើសរើស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ជំរុញឲ្យលើកកំពស់យេនឌ័រ ដោយការស្នើតែងតាំងត្រូវមានស្ត្រីឲ្យបានច្រើន ដើម្បីចូលរួមការងារជាមួយរាជរដ្ឋាភិបាល ស្របតាមការខិតខំយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ៕ ដោយ វណ្ណលុក
