ភាគីពាក់ព័ន្ធ បើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ លើការ គ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ គណៈកម្មាធិការសម្របសម្រួលរួមបានរៀបចំកិច្ចប្រជុំលើកទី៤ ដើម្បី ពិនិត្យវឌ្ឍនភាពការងារ លទ្ធផលសំខាន់ៗនិងផែនការសកម្មភាព របស់ខ្លួនពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រងប្រព័ន្ធលូទឹក កខ្វក់នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ដោយមានការចូល រួមពីឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណ ការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ថ្នាក់ដឹកនាំក្រសួង ពាក់ព័ន្ធ អភិបាលរងរាជធានីភ្នំពេញ មន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬចៃកា(JICA) ប្រចាំកម្ពុជាជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ លទ្ធផល សំខាន់ៗនិងផែនការសកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើកទី៤នេះ ដែល ក្នុងនោះរួមមាន ការពិនិត្យរៀបចំអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ និង ឯកសារគតិយុត្តផ្សេងៗត្រូវបានចាត់ទុកជាអាទិភាពការងារចម្បងរបស់ក្រុមការងារដើម្បីសម្របសម្រួលលើការងារប្រតិបត្តិការ និងគ្រប់គ្រងទឹកកខ្វក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នៅក្នុងកិច្ចប្រជុំនេះទីភ្នាក់ងារចៃកាបានប្រគល់សេចក្តីព្រាងប្រកាស និង សេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសជូនក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមជាមួយសេចក្តីព្រាងដីកាជូនដល់សាលារាជធានីភ្នំពេញ ដើម្បីពិនិត្យនិងប្រើប្រាស់ផងដែរ។
ឯកឧត្តម តូច ចាន់កុសល បានលើកឡើងពីគម្រោងមួយចំនួនដែលក្រសួង និងគណៈកម្មធិការបានសហការជាមួយពីភ្នាក់ងារចៃកាក្នុងវិស័យទឹកកខ្វក់ តាមរយៈជំនួយឥតសំណងមួយចំនួនដូចជា គម្រោងការពារទឹកជំនន់ គម្រោង អភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ដែលបានសាងសង់ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងរាជធានីភ្នំពេញជាដើម។ឯកឧត្តមបន្ថែមថា លើសពីនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន និងទីភ្នាក់ងារការងារប្រព័ន្ធលូជប៉ុន បានកំពុងបន្ត ដំណើរការសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ត្រើយខាងកើតទន្លេក្នុង ក្រុងសៀមរាប និងក្រុងស្វាយរៀង ដោយផ្អែកលើអនុស្សរណៈនៃកិច្ច សហប្រតិបត្តិការ (MOC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេក ទេស ក្នុងវិស័យគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងការផ្លាស់ប្តូរបច្ចេកទេសក្នុង វិស័យទឹកកខ្វក់នៃប្រទេសទាំងពីរ។

លោកគូសបញ្ជាក់ថា កិច្ចការទាំងអស់នេះពិតជាមានសារៈសំខាន់ទាក់ទង នឹងការងារអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការលើកកម្ពស់គុណភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈ ការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យឱ្យកាន់តែប្រសើរឡើង និងជួយលើក កម្ពស់ការអភិវឌ្ឍក្នុងទីក្រុង៕
ដោយ៖សុខ រក្សា

ads banner