ក្រសួងសុខាភិបាល ៖ រកឃើញករណីទី២ នៃជំងឺផ្តាសាយបក្សី លើមនុស្សក្នុងប្រទេសកម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២៣នេះ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា បន្ទាប់ពីមាន ករណីស្លាប់កុមារីម្នាក់អាយុ ១១ឆ្នាំ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលីង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ សុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបាន ស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់៥ អិន១ (H5N1) ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើបុរសអាយុ ៤៩ ឆ្នាំ ដែលមានទី លំនៅក្នុងភូមិរលាំង (ក្រសួងសូមកែតម្រូវឈ្មោះភូមិពីរលីង មកឈ្មោះភូមិរលាំង) ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវជាឪពុករបស់ករណីទី១ (ជាកុមារីដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣)។ ប៉ុន្តែស្ថានភាពសុខភាពរបស់ បុរសនេះ មិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឱ្យកត់សំគាល់នៅឡើយ។

នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល ០៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី។ ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេដែលមានជីវិត ។

ក្រុមឆ្លើយតបបន្ទាន់ខាងលើបាន នឹងកំពុងបន្តអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និង ធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ និងស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ជាបន្តទៀត និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ ខាងលើជាបន្តបន្ទាប់។

សារជាថ្មីម្តងទៀត លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទូទៅថា “ជំងឺជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជា ពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន ។ ករណី វិជ្ជមានវីរុសផ្តាសាយបក្សី H5N1 លើបុរសខាងលើនេះ គឺជាករណ៏ផ្តាសាយបក្សីទី៥៨ ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះ ជាករណីទី២ ដែលបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សារអប់រំរបស់ក្រសួងសុខាភិបាល រួមមាន៖ ត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត មុន និងក្រោយពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ត្រូវនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យឆ្ងាយពី កន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ ត្រូវចម្អិន ឱ្យបានឆ្អិនល្អ។ ត្រូវឆាប់រាយការណ៍ទៅ អាជ្ញារធរសុខាភិបាលនៅនឹងកន្លែង ឬក្រសួងសុខាភិបាល ក្នុងករណីសង្ស័យ ហើយត្រូវស្វែងរកការព្យាបាលជាបន្ទាន់។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.ocmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញ យកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

ដោយ ៖ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner