មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តដំណោះស្រាយ ប្រឆាំងរុស្ស៊ី ករណីអ៊ុយក្រែន

អ.ស.ប៖ មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រជុំអនុម័ត សេចក្តីព្រាងដំណោះស្រាយប្រឆាំងរុស្ស៊ី លើបញ្ហាអ៊ុយក្រែន។

អ្នកឆ្លើយឆ្លងព័ត៌មាន (ថាស់) TASS បានរាយការណ៍ពីសាលប្រជុំរបស់អង្គការសហប្រជាជាតិថា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយប្រឆាំងរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ក្នុងឱកាសខួបនៃប្រតិបត្តិការយោធាពិសេស នៅអ៊ុយក្រែន។

ប្រទេសសរុបចំនួន ១៤១ ប្រទេសបានបោះឆ្នោតគាំទ្រ ប៉ុន្តែ ប្រទេសចំនួនប្រាំពីរ រួមមាន៖ រុស្ស៊ី បេឡារុស្ស កូរ៉េខាងជើង ម៉ាលី នីការ៉ាហ្គា ស៊ីរី និងអេរីទ្រា បានជំទាស់ ខណៈដែល ៣២ ទៀត បានអនុប្បវាទ។

វិសោធនកម្មបេឡារុស្ស ដែលមានការអំពាវនាវឱ្យមានការចរចា និងការហាមប្រាមការផ្គត់ផ្គង់អាវុធដល់ក្រុងគៀវ ត្រូវបានបដិសេធ។ វិសោធនកម្មបេឡារុស្ស ក៏បានស្នើឱ្យដកខ្លួនចេញពីបទប្បញ្ញត្តិឯកសារ ដែលស្តីបន្ទោសទីក្រុងម៉ូស្គូ សម្រាប់ការចាប់ផ្តើមនៃជម្លោះ និងអំពាវនាវឱ្យមានការដកទ័ពរុស្ស៊ី ពីអ៊ុយក្រែន ជាបន្ទាន់។

ដោយមានការគាំទ្រពីបណ្តាប្រទេសលោកខាងលិច អ៊ុយក្រែនមុននេះ បានបង្កើតសេចក្តីព្រាងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលខ្លួនអះអាងថា មានគោលបំណងបង្រួបបង្រួមជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ឯកសារនេះមិនមានការអំពាវនាវឱ្យមានការចរចា ឬបទឈប់បាញ់នោះទេ ប៉ុន្តែទាមទារឱ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន។ ក្រៅពីនេះ ឯកសារនេះដាក់ការស្តីបន្ទោសទាំងអស់សម្រាប់ការចាប់ផ្តើមជម្លោះ លើប្រទេសរុស្ស៊ី។

អត្ថបទនេះក៏មានការអំពាវនាវដល់ភាគីឱ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេ ទាក់ទងនឹងជនស៊ីវិល និងអ្នកទោសសង្គ្រាម ហើយអំពាវនាវឱ្យធានាឱ្យមានការទទួលខុសត្រូវចំពោះការរំលោភលើច្បាប់អន្តរជាតិដែលបានប្រព្រឹត្តនៅលើទឹកដីអ៊ុយក្រែន តាមរយៈការស៊ើបអង្កេតដោយយុត្តិធម៌ និងឯករាជ្យលើកម្រិតជាតិ និងអន្តរជាតិ៕

ប្រភពពី Tass ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner