ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសជាខេត្តគ្មានការបន្ទោបង់ពាសវាលពាសកាល
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺគឺជាខេត្តទី៤ ដែលត្រូវបានប្រកាសជាផ្លូវការថា ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលសម្រាប់ទីរួមខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បន្តថា កន្លងមកក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៃក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូពាក់ព័ន្ធ ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ទទួលបានលទ្ធផលជ័យលាភីល្អ ក្នុងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)នៅក្នុងខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ក៏បានបន្តផងដែរថា ខេត្តកំពង់ស្ពឺគឺជាខេត្តគោលដៅទី៤ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយទទួលបានជោគជ័យ ប៉ុន្តែមិនមែនល្អឥតខ្ជោះនោះទេ។ តែក្រោមការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូពាក់ព័ន្ធនានា គណៈកម្មាការជាតិផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលសង្ឃឹមថានិងអាចទទួលបានODFផ្លឹសនាពេលខាងមុខ។
ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យដែលជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅតំបន់ជនបទនិងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព សំដៅពង្រីកអត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យ បាន១០០% នៅឆ្នាំ២០២៥ ៕ ដោយ ម៉ុន សំអាត