ពលករកម្ពុជាដែលកំពុងស្នាក់នៅនិង ធ្វើការនៅក្រៅប្រទេសជាង១លាន៣សែននាក់
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈបានឱ្យដឹងថា គិតរហូតមកដល់ពេលនេះពលកររបស់ប្រទេសកម្ពុជាដែលបានកំពុងស្នាក់នៅ និងកំពុងធ្វើការនៅបរទេសសរុបមានចំនួន ១ ៣២១ ៥០៦នាក់ ។
គួរបញ្ជាក់ថាការបញ្ចេញឱ្យដឹងពីពលករកម្ពុជាកំពុងបំពេញការងារនៅក្រៅប្រទេសបែបនេះធ្វើឡើងពីសំណាក់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ ២០២២និងលើកទិសដៅការងារ ឆ្នាំ ២០២៣របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងមក ។
បើយោងតាមរបាយការណ៍ ដែលបានប្រកាសក្នុងសន្និបាតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា រហូតមកដល់បច្ចុប្បន្ន កម្ពុជា បានផ្តល់ឱកាសការងារជូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស សរុបមានចំនួន ១ ៣២១ ៥០៦នាក់។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១ ២៣១ ៥០៨នាក់។ កូរ៉េ ៤៩ ៧៣៨នាក់។ ជប៉ុន ១៦ ៥៦២នាក់។ ម៉ាឡេស៊ី ២២ ៦២១នាក់។ សឹង្ហបុរី ៨៥១នាក់។ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់។
ក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ដែរថា៖ ជាមធ្យម ពលករកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស បានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញ ក្នុងមួយឆ្នាំៗ សរុបប្រមាណ ២,៧ប៊ីលានដុល្លារអាម៉េរិក ( ២៧០០លានដុល្លារអាម៉េរិក )។
ឯកឧត្តម អ៊ិតសំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងក្នុងពិធីនេះថារាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ពលករធ្វើការនៅបរទេស ហើយតែងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសនានាដើម្បីបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស។ការសម្រេចបានយ៉ាងជោគជ័យនាកន្លងមកក្នុងការបញ្ជូនពលករទៅធ្វើការបរទេសបានជួយឱ្យជីវភាពពលករ និង ក្រុមគ្រួសារបានលើកស្ទូយ និងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
គួរបញ្ជាក់ថា៖កម្ពុជាបានបន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងការការពារ និងការលើកកម្ពស់សិទ្ធិ និងផល ប្រយោជន៍បងប្អូនពលករទាំងការទទួលបានកិច្ចគាំពារសង្គមក្នុងពេលបម្រើការងារ និងពេលត្រឡប់ មកស្រុកកំណើតវិញ ៕ ដោយ៖ម៉ាដេប៉ូ