រដ្ឋបាលខេត្តប៉ៃលិន នឹងខំជំរុញការវិនិយោគកន្លែងសក្តានុពលធម្មជាតិ ដើម្បីទាញកំណើនភ្ញៀវទេសចរ
ភ្នំពេញ៖នាពេលអនាគតសម្រាប់ខេត្ដប៉ៃលិននឹងក្លាយទៅជាគោលដៅ ទេសចរណ៍ថ្មីមួយប្រកបដោយសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដកាន់តែច្រើនថែមទៀត ។ថ្នាក់ដឹកនាំនៃ ខេត្តនេះ បានបង្ហាញការប្តេជ្ញាថា នឹងបើកឱកាសឱ្យមានការវិនិយោគ បន្ថែមលើការរៀបចំកន្លែងសក្តានុពលធម្មជាតិរបស់ខេត្ត ដើម្បីទាញ កំណើនភ្ងៀវទេសចរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តប៉ៃលិន កាលព្រឹកថ្ងៃទី២៣ ខែកុម្ភៈ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ស្រប ពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បាននិងកំពុង យកចិត្ដទុកដាក់ផងនោះអាជ្ញាធរខេត្ដក៏បានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក៏ដូចជាការរៀបចំតំបន់ទេសចរណ៍មួយចំនួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិផងដែរ។
លោកជំទាវបានបន្តថា ជាផែនការរបស់ខេត្ត គឺកំពុងខិតខំប្រឹងប្រែង បង្កើនតំបន់ទេសចរណ៍ធម្មជាតិឱ្យមានភាពទាក់ទាញ តាមរយៈ ការរួមគ្នា កែឆ្នៃ និងអភិវឌ្ឍបន្ថែម ពិសេសបើកឱកាសឱ្យមានការ វិយោគលើកន្លែងសក្តានុពលទាំងនេះទៀតផង។
លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា ៖ «ខេត្តប៉ៃលិន ជាខេត្តតូច មួយ តែមានសក្តានុពលខ្លាំងពីវិស័យទេសចរណ៍ធម្មជាតិជាច្រើន ព្រោះយើងមានភ្នំ មានសួនផ្កា ទឹកជ្រោះ ចម្ការ និងកន្លែងស្អាត ជា ច្រើនៗ សម្រាប់ភ្ញៀវទេសចរ។ ដូច្នេះហើយជាអ្វីដែលយើង កំពុង រួមគ្នាធ្វើ រៀបចំ បង្កើតថ្មី ហើយយើងក៏ខំទាក់ទាញអ្នក វិយោគមក បោះទុន អភិវឌ្ឍបន្ថែមលើវិស័យផ្ទះសំណាក់ សណ្ឋាគារ កន្លែងស្នាក់ នៅជាច្រើន សម្រាប់បំពេញតម្រូវការទេសចរណ៍នាពេលអនាគត»។
ក្រៅពីបើកឱកាសដល់បណ្តាអ្នកវិនិយោគហើយនោះ អភិបាល ខេត្តរូប នេះ ក៏បានបញ្ជាក់ទៀតថា ខេត្តក៏នឹងផ្តោតសំខាន់លើការជំរុញ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្ថែម ដោយប្រែក្លាយពីផ្លូវដី ក្រួស ក្រហម មកជាផ្លូវបេតុង ផ្លូវកៅស៊ូ ឱ្យបាននៅទូទាំងខេត្តយ៉ាង យូរក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខ។ តាមរយៈសកម្មភាពនេះ លោកជំទាវ រំពឹងថា នឹងអាចជំរុញកំណើនទេសចរ ស្របតាម ចក្ខុវិស័យរដ្ឋាភិបាល ដែលបានចាត់ទុកថា វិស័យទេសចរណ៍ គឺជាឧស្សាហកម្មគ្មានផ្សេង។
ជាមួយគ្នានេះ បើតាម លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងដែរថា ដោយសារតែការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងមានការចង្អុលបង្ហាញពីក្រសួងពាក់ព័ន្ធ សហការជំរុញលើវិស័យ ទេសចរណ៍ រៀបចំនូវរមណីយដ្ឋាន ទីប្រជុំជន និងទីក្រុងស្អាត សេវា ល្អ ធ្វើឱ្យភ្ញៀវទេសចរ ទទួលបាននូវទំនុកចិត្ត និងមកទស្សនាកម្សាន្ត ក្នុង ខេត្តប៉ៃលិនគួរឱ្យកត់សម្គាល់ផងដែរ។
លោកបន្តថា រដ្ឋបាលខេត្តប៉ៃលិន នឹងបន្តខិតខំយកចិត្តទុកដាក់លើការ អភិរក្ស លើកកម្ពស់អេកូទេសចរណ៍បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច ខេត្តឱ្យកាន់តែមានសន្ទុះខ្លាំង។
បើតាមរបាយការណ៍វឌ្ឍនភាពរយៈពេល៥ឆ្នាំ (២០១៨-២០២២) របស់រដ្ឋបាលខេត្តប៉ៃលិន បានបង្ហាញថា វិស័យទេសចរណ៍ ខេត្តប៉ៃលិន មានរមណីយដ្ឋានសរុបចំនួន ៨ កន្លែង ក្នុងនោះមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ (ភ្នំយ៉ាត) ១ កន្លែង រមណីយដ្ឋាន ធម្មជាតិ (អូរទុរេន អូរតាអែម ស្ទឹងកុយ អន្លង់ខៀវ) ៤ កន្លែង កសិទេសចរណ៍ (ចំការខ្នុរ) ១កន្លែង អេកូទេសចរណ៍ (ភ្នំខៀវ និងទឹកធ្លាក់ ក្បាលដំរី) ២កន្លែង ដែលមានភាពទាក់ទាញ ទេសចរយ៉ាងខ្លាំង ជាពិសេសតំបន់អេកូទេសចរណ៍។
ក្រៅពីរមណីយដ្ឋានទាំងនេះ ខេត្តប៉ៃលិន ក៏មានសណ្ឋាគារចំនួន ១០ កន្លែង ផ្ទះសំណាក់ ២៦ កន្លែង ភោជ្ជនីយដ្ឋាន និងអាហារដ្ឋាន ៧៨ កន្លែង កន្លែងម៉ាស្សា ១៦ កន្លែង រីស៊តចំនួន ៣ កន្លែង ផ្ទះរំហែរ ១ កន្លែង ផ្ទះជួល ១៣១ កន្លែង កីឡាទេសចរណ៍ ១៧ កន្លែង ខារ៉ាអូរខេ ចំនួន ៦ កន្លែង និងឌីស្គូតែកចំនួន ១ កន្លែងផងដែរ។
របាយការណ៍ដដែលបានបញ្ជាក់ដែរថា បើគិតត្រឹមរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២មកនេះ ខេត្តប៉ៃលិន ទទួលបានភ្ញៀវ ទេសចរ មកទស្សនាកម្សាន្តសរុបចំនួន ៩៧០ ៥៤៩ នាក់ ក្នុងនោះមាន ភ្ញៀវទេសចរជាតិចំនួន ៩៦៣. ៤២៤ នាក់ និងភ្ញៀវទេសចរអន្តរ ជាតិ ចំនួន ៧ ១២៥ នាក់ ហើយបើប្រៀបធៀបនឹងរយៈពេល៥ឆ្នាំមុន គឺមានការកើនឡើងគួរឱ្យកត់សម្គាល់៕
ដោយ៖សែម ពិសី