ខេត្តប៉ែលិន បាននាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេសបានជាងពីរ លានតោនក្នុងរយៈពេល ៥ឆ្នាំមកនេះ
ភ្នំពេញ៖ខេត្តប៉ៃលិននេះមានសក្តានុពលលើវិស័យកសិកម្ម ព្រមទាំង ជា ច្រកនាំចេញកសិផលពីប្រជាពលរដ្ឋទូទាំងខេត្ត សម្រាប់ស្តុក និងនាំចេញទៅក្រៅប្រទេសផងដែរ។ ក្នុងរយៈពេល៥ឆ្នាំមកនេះ ដំណាំ ឧស្សាហកម្មដែលមានសក្តានុពលរបស់ខេត្តប៉ៃលិន បាននាំ ចេញកសិផលទៅកាន់ទីក្រៅប្រទេសសរុបរហូតជាងពីរលានតោន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងនាសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ខេត្តប៉ៃលិន ដែលធ្លាប់ជាតំបន់សង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ និងបន្សល់ទុកនូវគ្រាប់មីនដ៏ច្រើនស្អេកស្កះមក បច្ចុប្បន្នខេត្តប៉ៃលិន ជាតំបន់កសិកម្ម និងពាណិជ្ជកម្មដ៏មានសក្តានុពលនៅភាគខាងលិចប្រទេសកម្ពុជា។ដោយសារសក្តានុពលនៃទិន្នផលកសិកម្ម ខេត្តប៉ៃលិនមានដេប៉ូចំនួន ៥៤ កន្លែង សម្រាប់ទិញកសិផលពីប្រជាពលរដ្ឋទូទាំងខេត្ត សម្រាប់ស្តុក និងនាំចេញទៅក្រៅប្រទេស ខណៈខេត្តប៉ៃលិន មានច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលអាចសម្រួលដល់ការដោះដូរផលិតផលកសិកម្មរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថៃ»។
លោកជំទាវបានបញ្ជាក់ទៀតថា ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០១៨-២០២២មកនេះ បរិមាណនៃការនាំចេញកសិផលទៅក្រៅប្រទេសមានចំនួនសរុបជាង២លានតោន( ២.១១៤.៩៩០ តោន) ក្នុងនោះមាន៖ ដំឡូងមីស្រស់ចំនួន ៣៩៧.៨៤៥ តោន, ដំឡូងមីស្ងួតចំនួន ១.១១៥,៧៨៨ តោន, ពោតក្រហមគ្រាប់ចំនួន ៣៤,៥០០ តោន, ពោតស្នូល ៤៨.៣៧០ តោន, ស្វាយកែវល្មុតចំនួន ៥២៨.៥៨៩ តោន, មៀនប៉ៃលិន ៦.៩០៧ តោន, ម្ទេស ៩៤៩ តោន និងល្ពៅ ចំនួន ៤២ តោន។
សម្រាប់ទិសដៅបន្ត អភិបាលខេត្តប៉ៃលិនរូបនេះ អះអាងថា អាជ្ញាធរខេត្ត នឹងខិតលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយរដ្ឋបាលខេត្តបានខិតខំស្រាវជ្រាវ ស្វែងរកផលិតផលដែលជាសក្តានុពលរបស់ខេត្ត ដើម្បីជំរុញនូវចលនា «ភូមិ១ ផលិតផល១» សំដៅបង្កើតការងារនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក អភិវឌ្ឍន៍នូវចំណេះដឹង និងបច្ចេកទេសដល់ប្រជាពលរដ្ឋ លើកស្ទួយផលិតផលខ្មែរ ទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរផងដែរ។
តាមរយៈយុទ្ធសាស្រ្តនេះ លោកជំទាវ បាន ស្រីមុំ រំពឹងថា នឹងអាចទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តប៉ៃលិន បានលើកឡើងដែរថា សម្រាប់ឆ្នាំ២០២៣នេះ ដើម្បីបង្កើននូវចរន្តនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស កាន់តែខ្លាំងថែមទៀត មន្ទីរនឹងខិតខំជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្ដល់ឱកាសជំរុញឱ្យបរិស្ថានវិនិយោគល្អប្រសើរ ជាមួយវិស័យឯកជនដើម្បីមកវិនិយោគនៅខេត្តប៉ៃលិន ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ប៉ៃលិន បានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) ខេត្តបានប្រើប្រាស់ផ្ទៃដីដាំដុះដំណាំស្រូវចំនួន ៨.៩៣០ ហិកតា ផ្ទៃដីដំណាំសាកវប្បកម្មចំនួន ១២.២៥៧ ហិកតា និងផ្ទៃដីដាំដុះដំណាំឧស្សាហកម្មចំនួន ៥១ ៧៥៩ ហិកតា។
របាយការណ៍ដដែលបានបន្តថា រីឯបរិមាណផលដំណាំកសិកម្មទទួលបានដំណាំស្រូវ ចំនួន ១២៤.៣៦៨ តោន ដំណាំសាកវប្បកម្មចំនួន ៥៩៤.៣៧៦ តោន និងដំណាំឧស្សាហកម្ម ៤.០៤១.៨៤៥ តោន។
យ៉ាងណាមិញ ភាគីពាក់ព័ន្ធរបស់ខេត្ត នៅតែអះអាងថា នឹងខិតខំជម្រុញនូវយន្តការអភិវឌ្ឍន៍ ដូចជា ការអប់រំ បណ្តុះបណ្តាលបច្ចេកទេសក្នុងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងជម្រុញនូវការប្រើប្រាស់ពូជ ប្រកបដោយគុណភាពដល់ប្រជាកសិករ ក្នុងគោលដៅបង្កើនទិន្នផល ឈានទៅរកការកែឆ្នៃផលិតផលកសិកម្មដែលមានសក្តានុពល និងជំរុញការនាំចេញបន្ថែមទៀត៕
ដោយ៖សែម ពិសី