រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏ សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម
ភ្នំពេញ៖ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ ថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏ សំខាន់ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួង ដាស់ ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិត ផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។
ឯកឧត្តមបន្តថា តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ចំនួន ប្រាំពីរដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ ផលិតកម្ម ក្នុង ស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជាក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើ ឱ្យទីផ្សារ។
ឯកឧត្តមបន្តថា ជាលទ្ធផលយើងសង្កេតឃើញថា ផលិតផលខ្មែរ មានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាង លក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការ រីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និង អនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។
ការថ្លែងខាងលើនៅក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៦ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុង សៀមរាប ខេត្តសៀមរាប ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការប្រៀបធៀប ផលិតផល កម្ពុជា ជាមួយផលិតផលរបស់បរទេសដែលកំពុងធ្វើចរាចរនៅ លើទីផ្សារទាំងក្នុងក្របខ័ណ្ឌតំបន់ និងទីផ្សារសកល ឃើញថាការកា ររីកចម្រើនរបស់ផលិតផលខ្មែរនៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ត្រូវរួមគ្នាជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការ ផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈដែលក្រសួង ពាណិជ្ជកម្ម កំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែម លើទីផ្សារដែលមាន ស្រាប់ តាមរយៈការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានាជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជាកាន់តែទូលំទូលាយ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញ សម្រាប់បម្រើទីផ្សារ ដោយអនុលោមតាម គោលការណ៍ “ភក្តីភាពចំពោះពាណិជ្ជកម្ម” គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែង ក្នុងទីផ្សា រសេរី បាន។
សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៦ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ នៅក្រុង សៀមរាប ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១២ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមចំនួន ជាង១០០។ ក្នុងកំឡុងពេលនេះដែរ ក្រសួងពាណិជ្ជកម្មក៏មានរៀបចំ ព្រឹត្តិការណ៍ អមមួយចំនួនទៀតផងដែរ ដូចជា ការចម្អិនម្ហូបអាហា រខ្មែរ កម្មវិធីសិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណ និងការ ផ្សព្វផ្សាយ ផលិតផលសក្កានុពលកម្ពុជា កម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម កិច្ចពិភាក្សាស្តីពីបន្លែសុវត្ថិភាពសម្រាប់កុមារ និងការលេងសិល្បៈ ខ្មែរកំដរក្នុងពេលរាត្រីផងដែរ៕ដោយ៖ង៉ាន ទិត្យ