អឺរ៉ុបព្រមព្រៀងបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

ព្រុចសែល៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រទី២៤ ខែកុម្ភៈនេះ បានយល់ព្រមលើការដាក់ទណ្ឌកម្មថ្មី ជុំវិញសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ចំពេលខួបមួយឆ្នាំនៃការលុកលុយរបស់ទីក្រុងមូស្គូ។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីស៊ុយអែតរបស់ប្លុកនេះ។

ទណ្ឌកម្មនេះគឺជាកញ្ចប់ទី១០ហើយ ដែលសហភាពអឺរ៉ុបបានដាក់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលវិធានការនេះមានគោលដៅរឹតត្បិតប្រឆាំងនឹងបុគ្គល និងអង្គភាពដែលគាំទ្រសង្រ្គាម, ការចូលរួមផ្សព្វផ្សាយ ឬការចែកចាយយន្តហោះដ្រូនដែលប្រើដោយរុស្ស៊ីក្នុងសង្រ្គាម។

ការអនុម័តចុងក្រោយនៃទណ្ឌកម្ម ត្រូវបានរំពឹងទុកនៅក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ ប្រសិនបើគ្មានប្រទេសអឺរ៉ុបណាលើកឡើងពីការជំទាស់។ ជាមួយគ្នានេះ ព័ត៌មានលម្អិតអំពីបុគ្គល និងអង្គភាពដែលបានចុះក្នុងបញ្ជីទណ្ឌកម្មបានត្រៀមរួចហើយ ហើយនឹងត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារាចរផ្លូវការរបស់សហភាពអឺរ៉ុប។ អ្នកការទូតអឺរ៉ុបម្នាក់បានប្រាប់សារព័ត៌មាន AFP ថា បុគ្គល និងអង្គភាពចំនួន ១២០ ព្រមទាំងធនាគាររុស្ស៊ីចំនួនបីទៀតត្រូវបានចុះបញ្ជី។

បើតាមប្រធានគណៈកម្មាធិការអ៊ឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន មុខទំនិញដែលស្ថិតក្រោមកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ី មានដូចជា៖ គ្រឿងអេឡិចត្រូនិច និងគ្រឿងម៉ាស៊ីនដែលប្រើការដើម្បីផលិតយន្តហោះដ្រូននៅរុស្ស៊ី, មីស៊ីល, ឧទ្ធម្ភាគចក្រ និងប្រព័ន្ធសព្វាវុធផ្សេងៗទៀត។ លោកស្រីថា អង្គភាពអ៊ីរ៉ង់ចំនួនប្រាំពីរ ដែលគាំទ្រដល់ប្រទេសរុស្ស៊ីក៏ត្រូវបានបញ្ចូលក្នុងសំណើដាក់ទណ្ឌកម្មរបស់គណៈកម្មការផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner