ទីបំផុត កម្ពុជាត្រូវបានដកចេញពី “បញ្ជីប្រផេះ” នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ជាផ្លូវការ
ភ្នំពេញ៖ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពី “បញ្ជីប្រផេះ” នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។
Read. ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស និងត្រូវបានរៀបចំសន្និសីទកាសែតប្រកាសជាផ្លូវការនៅម៉ោង១០យប់ (ម៉ោងនៅកម្ពុជា)។
ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះដែរ បានកើតមានឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។
ផ្ទុយទៅវិញ កម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
សូមរម្លឹកថា កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ធ្លាប់បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច អាជ្ញាធរទាំងថ្នាក់ជាតិនិងមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងសាសនា សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ ជួញដូរមនុស្ស និងបទល្មើសផ្សេងៗ៕ ដោយ៖ ទីណា