ក្រសួងការងារកម្ពុជា និងក្រសួងការងារសាធារណរដ្ឋកូរ៉េ រៀបចំការប្រឡងជ្រើសពលករជំនាញកម្ពុជាទៅបម្រើការងារនៅកូរ៉េ
ភ្នំពេញ៖ ក្រសួងការងារកម្ពុជា និងក្រសួងការងារសាធារណរដ្ឋកូរ៉េ សហការរៀបចំកម្មវិធីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី១៩ (19 EPS-TOPIK) តាមប្រព័ន្ធកុំព្យូទ័រ និងការប្រឡងតេស្តជំ នាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម ដើម្បីជ្រើសពលករជំនាញកម្ពុជាទៅបម្រើការងារស្របច្បាប់នៅប្រទេសនេះ។
សេចក្តីជូនដំណឹងរបស់ប្រធានគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅប្រទេសនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ពេជ សោភ័ន ចុះថ្ងៃទី ២៤ ខែកុម្ភៈ បានឱ្យដឹងថា អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម។
សេចក្តីជូនដំណឹងបន្តថា លក្ខខណ្ឌដើម្បីដាក់ពាក្យប្រឡង ត្រូវមានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អ (មិនពិការដៃ-ជើង និងងងតពណ៌ភ្នែក) និងត្រូវមានអាយុចាប់ពី ១៨ ដល់ ៣៩ឆ្នាំ (អ្នកដែលមានថ្ងៃខែឆ្នាំកំណើតចន្លោះពីថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៨៣ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៥)។
ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសមូលដ្ឋានរួចរាល់ និងមិនមានប្រវត្តិប្រព្រឹត្តបទល្មើស មិនធ្លាប់ជាប់ពន្ធនាគារ ឬទោសឧក្រិដ្ឋ មិនមានការហាមឃាត់ក្នុងការចាកចេញពីព្រះរាជាណាចក្រកម្ពុជា ។
មិនធ្លាប់ធ្វើការខុសច្បាប់នៅសាធារណរដ្ឋកូរ៉េ ឬបណ្ដេញចេញពីសាធារណរដ្ឋកូរ៉ មិនធ្លាប់ស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើសពី ៥ឆ្នាំ (ប្រភេទទិដ្ឋាការ E-9 និងE-10) លើកលែងការ បន្តដោយស្វ័យប្រវត្តិក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩។
ប្រភពដដែលបន្តថា សម្រាប់ការចុះឈ្មោះសុំសិទ្ធិប្រឡង ចាប់ពីថ្ងៃទី១៥-២៨ ខែមីនា ។បេក្ខជនត្រូវចុះឈ្មោះតាមកម្មវិធី EPS-TOPIK Cambodia ដែលអាចទាញយកពី Play Store ឬគេហទំព័រwww.eps.mtosb.gov.kh។ តម្លៃសុំសិទ្ធិប្រឡងជូនទៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េចំនួន២៨ដុល្លារ។
សម្រាប់ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) គឺការបិទឈ្មោះប្រឡង ធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ លើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ គ.ប.ប.ព.ប ឬ www.facebook.com/mtosbcambodia ហើយសម្រាប់មណ្ឌលប្រឡង ជាន់ទី៤ អគារមជ្ឈមណ្ឌលសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្រ្តនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC)។ ការប្រឡងមាន ៤ វេន ដោយមានវិញ្ញាសា អាន ២៥នាទី និងវិញ្ញាសាស្តាប់ ២៥នាទី។
ចំណែកការប្រឡងតេស្តជំនាញ (Skill Test) បិទឈ្មោះប្រឡងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ទីតាំងនៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា ហើយកាលបរិច្ឆេទប្រឡងនៅថ្ងៃទី ១ខែសីហា ឆ្នាំ ២០២៣ ដោយក្នុងមួយថ្ងៃមានការប្រឡង ២វេន។
សម្រាប់ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េនេះរៀបចំដោយក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដោយមានការសហការជាមួយគណៈកម្មាធិការបណ្តុះ បណ្តាល និងបញ្ចូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ:សុខ រក្សា