ពន្ធដារ៖ កំណែទម្រង់វិស័យពន្ធដាររយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យការប្រមូលពន្ធសម្រេចបានលទ្ធផលលើសផែនការជាប្រចាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ:
នៅក្នុងសិក្ខាសាលាស្តីពី កាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម កន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា កិច្ចខិតខំធ្វើកំណែទម្រង់វិស័យពន្ធដារ រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលពន្ធសម្រេចបានលទ្ធផលល្អ ដោយសម្រេចបានលើសផែនការឆ្នាំជាប់ជាប្រចាំនិងមានឆ្នាំ ភាគច្រើន លើសជាងពីរខ្ទង់ (Two digit)។

លោកបានបន្ថែមថា នៅឆ្នាំ២០២២ សម្រេចបានលើសផែនការចំនួន ២២,៥៤ភាគរយ និងមួយខែ ដើមឆ្នាំ២០២៣ សម្រេចបានជាង ៣០០ លានដុល្លារ ស្មើនឹងប្រមាណ ៨,៤ភាគរយ នៃផែនការ គឺលើសផែនការមធ្យមភាគក្នុង១ខែ បើទោះបីកម្ពុជាទទួលរងនូវវិបត្តិនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមពាណិជ្ជកម្ម ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងវិបត្តិនជំងឺកូវីដ១៩ នៅបន្តមាននៅឡើយ។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖«ក្នុងគោលដៅ លើកកម្ពស់ការផ្តល់ សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធ តាមរយៈការអភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបានដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាទំនើប មួយចំនួន ដូចជា E-VAT, E-Filing, E-Payment, GDT-Live chat, E-Registration, E-Tax Service ជាដើម និង កម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Application) ជាច្រើនទៀត សំដៅគ្រប់គ្រងទិន្នន័យ ពន្ធដារឱ្យបានគត់ម៉ត់និង ផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ ឆាប់រហ័សមានតម្លាភាព គណនេយ្យភាព និងភាពងាយស្រួលក្នុងការបង់ពន្ធ»។

អគ្គនាយករងរូបនេះបានបន្តថា សិក្ខាសាលានាពេលនេះ រៀបចំឡើង ដើម្បីអនុវត្តតាមមាត្រា៩១ នៃច្បាប់ ស្តីពីសារពើពន្ធ ដែលបានចែងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ។ មាត្រា ៩១ នេះចែងថា “អ្នកជាប់ពន្ធមានសិទ្ធិ ទទួលព័ត៌មានជាប្រចាំអំពីដំណើរការនៃប្រព័ន្ធពន្ធដារ ហើយនិងនីតិវិធីនៃការកំណត់ពន្ធដូចមានចែងក្នុងមាត្រា ៩៦ នៃ ច្បាប់ស្តីពីសារពើពន្ធ” ដែលចែងអំពីការផ្សព្វផ្សាយនិងការពន្យល់ណែនាំច្បាប់ពន្ធដារ។

លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានលើកឡើងថា ចាប់តាំងពីការបង្កើតក្រុមការងារចម្រុះ ៤ឆ្នាំកន្លងមកនេះ ក្រុមការងារចម្រុះ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្នាយ៉ាងសកម្ម។
លោកស្រីបានបន្ថែមថា បានទទួលស្គាល់ថា ភាពជាអ្នកដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការកែទម្រង់រដ្ឋបាលសារពើពន្ធ បានធានាឱ្យបាននូវចីរភាពកំណើនចំណូលរយៈពេលវែង ដោយបង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារប្រព័ន្ធការងារ ដើម្បីពង្រឹងដំណើរការដល់ អ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ធានានូវតម្លាភាព ស័ក្តិសិទ្ធិភាព ភាពងាយស្រួល ព្រមទាំងឆាប់រហ័សទាន់ពេលវេលា។
លោកស្រីនាយិកាប្រតិបត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា៖« ចាប់តាំងពីការបង្កើតក្រុមការងារចម្រុះ ៤ឆ្នាំកន្លងមកនេះ ក្រុមការងារចម្រុះ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្ន យ៉ាងសកម្ម។ យើងក៏បានទទួលស្គាល់នូវភាពជាអ្នកដឹកនាំរបស់អគ្គនាយកដ្ឋាន ពន្ធដារ ក្នុងការកែទម្រង់រដ្ឋបាលសារពើពន្ធ សំដៅធានាឱ្យបាននូវចីរភាពកំណើនចំណូលរយៈពេលវែង ដោយបង្កើននូវ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារប្រព័ន្ធការងារ ដើម្បីពង្រឹងដំណើរការដល់ អ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ធានានូវតម្លាភាព ស័ក្តិសិទ្ធិភាព ភាពងាយស្រួល ព្រមទាំងឆាប់រហ័សទាន់ពេលវេលា»៕

ដោយ: វណ្ណ សុជាតា

ads banner