ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរ សិក្ខាកាម គ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជ ធានី-ខេត្ត ទាំងអស់ ដែលប្តេជ្ញាយកចំណេះដឹងដែលខ្លួនមានទៅសាបព្រោះ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ថ្លែងក្នុងបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣) ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាងក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពសិក្ខាកាម​ជាសមាជិកបក្សឱ្យស័ក្តិសមជាកម្លាំងបន្តវេនប្រកបដោយឧត្តមភាព ដែលមានភារកិច្ចចូលរួមបំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន។

ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវសមិទ្ធផល​ប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ចេញ​នូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។ ជាមួយនឹងការបោះជំហានទៅកាន់អនាគតកាលប្រកប​ដោយភាពភ្លឺស្វាង និងក្តីសង្ឃឹម គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រកាន់ខ្ជាប់នូវបុព្វហេតុឥត​ងាករេរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មានទេពកោសល្យប៉ិនប្រសប់ និងពោរពេញដោយបទពិសោធន៍​ជាក់ស្តែងរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការចូលរួមរបស់សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner