សម្ដេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន មានក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរថយន្តជាច្រើន កំពុងវិនិយោគ នៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ន មានក្រុមហ៊ុនធំៗ និងក្រុមហ៊ុនរថយន្តជាច្រើន កំពុងវិនិយោគនៅកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះថា ក្រុមហ៊ុនជប៉ុនឈ្មោះ មីនីបៀ ដាក់ទុនវិនិយោគនៅកម្ពុជា តែខ្ទង់ ៣០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះ ទំហំវិនិយោគមានប្រមាណ ១០០០លានដុល្លារអាមេរិកទៅហើយ ដែលទំហំផលិតម៉ូទ័ររបស់មីនីបៀនៅកម្ពុជា ប្រហាក់ប្រហែលនឹងការផលិតនៅប្រទេសថៃ។
សម្ដេច បន្តថា បច្ចុប្បន្ននៅកម្ពុជា កំពុងមានក្រុមហ៊ុនរថយន្តជាច្រើនក្នុងនោះមានក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខ នឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត។ កាលពីថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗ ដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គឺមានបំណង់យកក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា ដែលនេះគឺជាក្របខណ្ឌគោលនយោបាយក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែលកំពុងត្រូវការអ្នកជំនាញបច្ចេកទេសជាច្រើននាពេលបច្ចុប្បន្ននេះ និងពេលអនាគត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្មានការអភិវឌ្ឍណាមួយ អាចរស់នៅបានក្រៅដំបូលសន្ដិភាពនោះទេ ដូច្នេះប្រទេសកម្ពុជា ត្រូវរក្សាឱ្យបាននូវសន្ដិភាព និងស្ថេរភាពនយោបាយ ព្រោះគ្មានអ្នកវិនិយោគណាមួយចូលមកវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ ៕ ដោយ វណ្ណលុក


