សម្ដេចតេជោ ហ៊ុន សែន៖ សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បញ្ជាក់ថា សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយនយោបាយ ឈ្នះ ឈ្នះ បានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯណោះ ដែលក្នុងពេលអនុវត្តសម្ដេច បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម។
ជាមួយគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឱ្យមានការកែតម្រូវការចាប់ផ្ដើមនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ដែលសម្ដេចថា ការផ្សព្វផ្សាយមួយចំនួនដែលថា នយោបាយឈ្នះឈ្នះ ដាក់អនុវត្តន៍ក្នុងឆ្នាំ១៩៩៨ គឺខុសពីការពិត ដែលនាំឱ្យមានការភ័ន្តច្រលំ។
សម្ដេច បញ្ជាក់ថា ដំណើរការនយោបាយឈ្នះឈ្នះ មិនមែនដាក់អនុវត្តន៍ក្នុងឆ្នាំ១៩៩៨ នោះទេ ដោយថា នយោបាយនេះត្រូវបានដាក់ចេញនៅឆ្នាំ១៩៩៦។ សម្ដេច បញ្ជាក់ថា៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់នយោបាយឈ្នះឈ្នះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ពីអតីតកាលមក កម្ពុជា មានការបែកបាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិ ធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។
សូមបញ្ជាក់ថា កម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើង នៃវត្តមានរបស់នយោបាយឈ្នះ-ឈ្នះ ៕ ដោយ វណ្ណលុក



