រាជរដ្ឋាភិបាល នឹងបញ្ចេញថវិការដ្ឋជាង ២៣០លានដុល្លារ សម្រេចសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ នៃខេត្តចំនួន៣
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ប្រមាណ ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញថវិការដ្ឋជាង ២៣០លានដុល្លារ សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៃខេត្តចំនួន៣ ភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ។
សម្តេចតេជោ បានបន្តថា មិនជាយូរប៉ុន្មាន យើងនឹងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្ជាប់រវាងទីក្រុងភ្នំពេញ ជាមួយនឹងបាវិត ហើយវៀតណាម នឹងធ្វើផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញ មកភ្ជាប់និងទល់ដែនជាមួយកម្ពុជា ។ សម្តេច ជម្រាបជូនថា ពីមុន គឺខាងក្រុមហ៊ុន ចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយយកប្រាក់ពីប្រជាជន។ ខ្ញុំថា ខ្ញុំមិនព្រមទេ រឿងយកប្រាក់ពីប្រជាជនក្នុងការឆ្លងស្ពាន គឺខ្ញុំទទួលយកមិនបានទេ។ អញ្ចឹងសុំអ្នកឯងគិតគូឡើងវិញ ប៉ុន្តែក្រោយមក ទោះមានការគិតគូរយ៉ាងណា ក៏មិនអាចទៅរួចដែរ ។
ដើម្បីឲ្យការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានតម្លៃថោក កុំឲ្យថ្លៃពេក។ដំបូងយើងចង់ឲ្យគិតពីការតម្លៃ នៃការធ្វើដំណើរក្នុងមួយគីឡូម៉ែត្រ ត្រូវយកប៉ុន្មាន ដើម្បីមិនឲ្យទៅយកតម្លៃឆ្លងស្ពាន ព្រោះប្រជាជនយើង ត្រូវការឆ្លងស្ពានច្រើន។ ប៉ុន្តែឥឡូវនេះ យើងបានសម្រេចធ្វើស្ពាននេះតែម្ដង ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារ ធ្វើជាស្ពានសម្រាប់ផ្លូវល្បឿនលឿន ២ទៅ ២មក ដើម្បីតភ្ជាប់ឆ្លងពីត្រើយខាងកើត ទៅត្រើយខាងលិច រួចហើយឆ្លងកាត់ខេត្តកណ្ដាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀងមួយផ្នែក ។ យើងឱ្យក្រុមហ៊ុនធ្វើចុះ ហើយយើងអ្នកចេញលុយ ព្រោះគេមានបច្ចេកទេសហើយយើងកំពុងចរចាជាបន្ត ។
សម្តេចបន្តថា នៅប្រទេសខ្លះ គេប្រើវិធីយកលុយ ពីអាផ្លូវធំ យកមកចិញ្ចឹម អាផ្លូវតូច គេយកតម្លៃអ្នកដែលបង់ថ្លៃធ្វើដំណើរផ្លូវធំ យកមកកសាងផ្លូវតូចៗទៅវិញ។ នេះគឺជារបៀបដោះស្រាយបញ្ហា។ ជួនកាលការដាក់ចេញនូវគោលនយោបាយណាមួយ ដែលមិនគិតគូរពីបរិស្ថានគ្របដណ្តប់ គិតពីភាពតភ្ជាប់របស់វាគ្រប់ជ្រុងជ្រោយនោះទេ គឺវាគ្រាន់តែជាការឃោសនាឆបោកតែប៉ុណ្ណោះ ៕
ដោយ វណ្ណលុក