សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១១ នៅរសៀលនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាត លើកទី៣ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

ដើម្បីអបអរទិវាជាតិទីក្រុងស្អាត លើកទី១១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារលិខិតអបអរសាទរ ដោយបានចាត់ទុកការប្រារព្ធទិវាជាតិនេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេស យុវជន កុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍ បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃ សង្គមជាតិយើង។

សម្តេចតេជោ បានបន្តថា ការប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញ គួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវសន្តិសុខ សុវត្ថិភាព ផ្តល់នូវបដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។

ក្នុងសារលិខិតនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាពរួមមាន៖

ទី១៖ ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាពដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង និងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតដែលមាន លក្ខណៈប្រកួត ប្រជែង ផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាពនិងការទទួលខុសត្រូវសង្គម ស្របតាមការអនុវត្ត គម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ានដើម្បីលើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយ សុខុមាល ភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់និងផ្តល់ភាពកក់ក្ដៅដល់ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ទី២៖ បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការ អភិវឌ្ឍន៍នៅតាមគោលដៅទេសចរណ៍ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុស ត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។

ទី៣៖ ត្រូវជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣- (Visit Cambodia Year 2023)» ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោកនិងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការ ស្ដារ កំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩ ពិសេសជំរុញការចូលរួមយុទ្ធនាការ «យើងជាម្ចាស់ផ្ទះ» ដើម្បី អបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយត្រូវរួម គ្នា លើក កម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្ត សញ្ញាណ ជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំ តុបតែងភូមិឋានជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុល ផុស នៅ ក្នុងឆ្នាំ២០២៣នេះ។

ទី៤៖ ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍន៍ទីក្រុងតាមរយៈការជំរុញកិច្ចសហការជាតិ និងអន្តរជាតិ ការ ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍និងការ កៀរគរប្រភពធនធាន។

ទី៥៖ បំផុសឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់ នៅ ក្នុងការអភិវឌ្ឍន៍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

យោងតាមរបៀបវារៈនៃពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នារសៀលនេះ ក៏មានការ ប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ សម្រាប់សុពលភាពឆ្នាំ២០២២-២០២៥ផងដែរ។ ក្នុងនោះ ជ័យលាភី ផ្ការំដួល ៣ទង មានចំនួន ៧ (៦ក្រុង និង ១ខណ្ឌ), ជ័យលាភីផ្ការំដួល ២ទង មានចំនួន ១៧ (១៤ ក្រុង និង ៣ ខណ្ឌ), ជ័យលាភីផ្ការំដួល ១ទង មានចំនួន ១៤ (៦ក្រុង និង ៨ខណ្ឌ), មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន ៣បេក្ខភាព (១ក្រុង និង ២ខណ្ឌ)៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner