សម្តេចតេជោ ហ៊ុន សែន៖ យើងចង់បញ្ចប់វប្បធម៌លាបពណ៌និងការប្រមាថ ហើយសូមទោសតាមផ្លូវតុលាការដើម្បីឱ្យមនុស្សអាក្រក់រាងចាល
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានលួចសន្លឹកឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅនេះ ។

ក្នុងសារលើបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា”យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៌លាបពណ៌និងការប្រមាថ។យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល”។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា “ភាព(សយ សុភាព) ខ្លួនឯងបានដឹងច្បាស់ហើយតើសមរង្ស៊ីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”។
សូមជម្រាបថា នេះគឺជាសារឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក សយ សុភាព កាលពីថ្ងៃទី១៣ខែកុម្ភៈ កន្លងទៅនេះ៕ដោយ៖ពលជ័យ

