រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារ និងអភិរក្សសត្វផ្សោត ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យដែលមានវិសាលភាពអនុវត្តលើតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ អនុក្រឹត្យនេះ បានកំណត់អំពីតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដើម្បីការពារ និងអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងបជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅរបស់សត្វផ្សោត។

ក្នុងមាត្រា៧ នៃអនុក្រឹត្យ បានចែងថា ហាមឃាត់សកម្មភាពក្នុងកន្លែងអភិរក្សសត្វផ្សោតដូចជា៖ ការធ្វើនេសាទគ្រប់ប្រភេទ ការធ្វើវារីវប្បកម្ម ការធ្វើនាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ។ ការធ្វើនាវាចរដែលមានល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ការតាំងទីលំនៅ សកម្មភាពផ្សេងទៀតដែលប៉ះពាល់ដល់ប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត។

នៅក្នុងមាត្រា៨ នៃអនុក្រឹត្យ បានចែងថា ហាមឃាត់ការធ្វើនេសាទ ក្នុងកន្លែងការពារសត្វផ្សោតដូចជា៖ ការធ្វើនេសាទដោយប្រើមង ឬសន្ទូចរនង និងការធ្វើនេសាទដោយឧបករណ៍នេសាទខ្នាតមធ្យមនិងខ្នាតធំ។

ដោយឡែកក្នុងមាត្រាទី៩ បានចែងថា សកម្មភាពអនុញ្ញាតក្នុងតំបន់គ្រប់គ្រងសត្វផ្សោតដូចជា ការធ្វើនេសាទដោយឧបករណ៍ខ្នាតតូចក្នុងកន្លែងការពារ លើកលែងមងឬសន្ទូចរនង ការទស្សនាសត្វផ្សោត ការអភិវឌ្ឍអេកូទេសចរណ៍ និងការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចវិទ្យាសាស្ត្រ។ ចំពោះអនុក្រឹត្យនេះដែរ ក៏បានចែងថា បុគ្គលណាដែលបំពាននឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះត្រូវទទួលទណ្ឌកម្មរដ្ឋបាលនិងទណ្ឌកម្មផ្សេងទៀតស្របតាមច្បាប់។

សូមជម្រាបថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មានប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែង មានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះ មានប្រវែង ៨៥គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាង ក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ មានទំហំសរុប ៦២១គីឡូម៉ែត្រក្រឡា ត្រូវកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ ២១៦,៤គីឡូម៉ែត្រក្រឡា និងកន្លែងការពារ៖ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ដ្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner