សហរដ្ឋអាមេរិកថា ថវិកាបន្ថែមជាង ១ពាន់លានដុល្លារកំពុងផ្ទេរទៅឱ្យអ៊ុយក្រែន

កៀវ៖ រដ្ឋមន្រ្តីរតនាគារជាតិអាមេរិក លោកស្រី ចាណេត យ៉េលែន នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រាក់បន្ថែមជាង ១ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

អំឡុងដំណើរមកកាន់ទីក្រុងកៀវ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្តាហ៍មុន លោកស្រី យ៉េលែន បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបានប្រកាសបញ្ជូនទឹកប្រាក់បន្ថែមជាង ១.២ពាន់លានដុល្លារទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន។

លោកស្រី យ៉េលែន បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងកៀវថា ថវិកានេះនឹងក្លាយជាជំនួយដំបូងនៃកញ្ចប់ថវិកាប្រហែល ១០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែននៅក្នុងប៉ុន្មានខែខាងមុខនេះ។ លោកស្រីថា ការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់យើង គឺជួយរក្សារដ្ឋាភិបាលអ៊ុយក្រែន និងអ្នកផ្តល់សេវាសំខាន់ៗឱ្យដំណើរការក្នុងកាលៈទេសៈមិនធម្មតា រួមទាំងការបង់ប្រាក់ឱ្យមន្ត្រីរាជការ អ្នកពន្លត់អគ្គីភ័យ និងគ្រូបង្រៀន។

សហរដ្ឋអាមេរិកដែលជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដ៏សំខាន់របស់អ៊ុយក្រែន ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានផ្តល់ជំនួយដល់ទីក្រុងកៀវ មានទំហំជិត ៥០ពាន់លានដុល្លារ។ បន្ទាប់ពីជំនួបជាមួយលោកស្រី យ៉េលែន លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការគាំទ្រយ៉ាងខ្លាំងក្លាចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមនេះ មិនត្រឹមតែជាមួយនឹងសព្វាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផ្នែកហិរញ្ញវត្ថុផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner