សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមក
ភ្នំពេញ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង ខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមកលើផ្នែកធនធាន បច្ចេកទេស ផ្លាស់ប្តូរព័ត៌មាន តាមរយៈការអនុវត្ត យុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បញ្ជាក់ថា «នេះគឺជាលើកទី១ ដែលកាកបាទក្រហមកម្ពុជា មានសាខាចំនួន២ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដែលនេះជាគំរូឈានមុខមួយ បានបង្ហាញពីការចែករំលែកនៅក្នុងសមាគមជាតិរវាងសាខាដែលមានលទ្ធភាពច្រើន ជួយចំពោះសាខាដែលមានលទ្ធភាពតិច និងជាការសម្រាលបន្ទុករបស់ទីស្នាក់ការកណ្តាលផងដែរ។ ថ្វីត្បិតតែសាខាទាំង២បានចុះកិច្ចព្រមព្រៀងជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្តាលនៅតែ ចុះធ្វើអន្តរាគមន៍នៅពេលមានការចាំបាច់ ឬតម្រូវការខ្ពស់ពីសាខា និងនៅតែជាជំហរខាងផ្នែកបច្ចេកទេស និងជាបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់ និងបរិយាបន្ន។»
សូមបញ្ជាក់ថា ក្នុងឱកាសនៃការចុះហត្ថលេខានោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ជូនឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង។
គោលបំណងនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសាខាទាំងពីរ គឺដើម្បីកិច្ចសហប្រតិបត្តិការលើការងារចម្បងចំនួន៣ គឺ . ជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយកើតឡើង ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា ការងារសុខភាពសហគមន៍ និងគាំទ្រលើផ្នែកបច្ចេកទេស បទពិសោធន៍នៃការបណ្តុះបណ្តាល ឬពេលមានការងារបន្ទាន់ជាក់ស្តែង។ . ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកលទ្ធផលការងារទៅវិញទៅមក និង. ផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដកពិសោធន៍ ក្នុងការងារអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ៕ ដោយ / គ្រី សម្បត្តិ


