សម្ដេចតេជោ ហ៊ុន សែន បដិសេធការសុំទោសរបស់លោក ស៊ុន ឆ័យ ជុំវិញករណីចោទបក្សប្រជាជនលួចសន្លឹកឆ្នោត
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជា ប្រធានគណបក្សប្រជាជនកម្ពុជា បានបធិសេធការសុំទោស របស់លោក ស៊ុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធ នឹងការចោទគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត នាពេល កន្លងទៅ ។សម្ដេចតេជោ ហ៊ុន សែន បានអះអាងថាលោកធ្លាប់មាន បទពិសោធន៍ជូរចត់នឹងការសុំទោសច្រំដែលៗនេះច្រើនដងហើយរបស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។
នាថ្ងៃទី២៨ ខែកុម្ភៈ តាមរយៈសារតាមប្រព័ន្ធតេលេក្រាមផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីកិច្ចសន្ទនារវាងលោក និង លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលសម្ដេចទៅបំពេញទស្សនកិច្ចនៅ ប្រទេសឡាវ។
ក្នុងសារឆ្លងឆ្លើយនោះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់លោក សយ សុភាព ដើម្បីផ្តាំផ្ញើទៅលោក សុន ឆ័យ ដែលកំពុងរងក្តីក្តាំ នៅតុលាការជាមួយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ថា សម្តេចមិនទទួល យកការ សុំទោសនេះឡើយ ព្រោះសម្ដេចចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ ខាងផ្លូវនយោបាយនៅកម្ពុជា ព្រោះសម្ដេចមិន អាចទទួលយកបានឡើយចំពោះការចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោតនោះ។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជា្កក់ដូច្នេះថា៖ «យើងធ្លាប់បាន គេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើត ឡើងទើប យើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសូមទោសតាមផ្លូវ តុលាការ ដើម្បីឱ្យមនុស្យអាក្រក់វារាងចាល»។
សម្ដេចបានបន្ថែមថា អ្នកគាំទ្ររបស់អតីតប្រមុខគណបក្ស សង្គ្រោះ ជាតិដែលត្រូវបានរំលាយនៅឆ្នាំ២០១៧ មានចរិតលក្ខណៈមិនខុស ពីមេខ្លួនឡើយ ពោលគឺលោក សម រង្ស៊ី បានសុំទោសសម្ដេចច្រើន ដង ប៉ុន្តែនៅទីបំផុតនៅតែប្រព្រឹត្តដដែល។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ៖ «ត្រូវតែ ប្រើផ្លូវច្បាប់ដើម្បីបញ្ចប់សំណុំរឿងច្រំដែលនេះ»។
ជាមួយគ្នានេះឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនអាចទទួលយក ការ សុំទោសរបស់លោក សុន ឆ័យ ឡើយ ខណៈសំណុំរឿងវិវាទ ជាមួយលោក សុន ឆ័យ បានធ្លាក់ដល់ដៃតុលាការទៅហើយ ។លោកថា ជាការហួសពេលទៅហើយដោយលោកប្រៀបធៀបថា «អង្ករបានក្លាយទៅជាបាយទៅហើយ» ខណៈភាគីគណបក្សប្រជាជន កម្ពុជាធ្លាប់ទុកឱកាសឱ្យសុំទោសឱ្យយូរមកហើយដែរ។
ឯកឧត្តម សុខ ឥសាន បានប្រាប់ថា ៖ «សម្តេចធ្លាប់ប្រកាសរួច ហើយថា មិនឱ្យមានវប្បធម៌លាបពណ៌ ការវាយប្រហារមកលើ គណបក្សប្រជាជន ចោទដោយអយុត្តិធម៌ថាគណបក្សប្រជាជនជា ចោរលួចសន្លឹកឆ្នោត។ បើមិនដូច្នេះថា ការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការលាបពណ៌ដូច្នេះទៀតមិនខាន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា រដ្ឋាភិបាលរបស់ គណបក្សប្រជាជនកម្ពុជា មិនមានការព្រួយបារម្ភទេចំពោះការដាក់ សម្ពាធពីអន្តរជាតិថារដ្ឋាភិបាលមានការរឹតត្បឹតលទ្ធិប្រជាធិបតេយ្យមុនការបោះឆ្នោតនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ សភាកម្ពុជា ក៏បានលើកឡើងដែរថា ការថ្លែងសុំទោសរបស់លោក សុន ឆ័យ មានការយឺតយ៉ាវ ជារឿងហួសពេលទៅហើយ ដែលជា កំហុសឆ្គងនយោបាយច្រំដែល។
លោក យង់ ពៅ ថ្លែងថា ៖ «យើងចូលរួម និងបានដឹងពីដំណើរ ការបោះឆ្នោតហ្នឹងទាំងអស់គ្នា ហើយដល់ពេលមានការចោទ ប្រកាន់បែបនេះ ធ្វើឱ្យអ្នកដែលឈ្នះឆ្នោតហ្នឹង បើសិនជាគ្មាន ប្រតិកម្មតបដូចជាយល់ស្របនឹងការចោទប្រកាន់ថាលួចបន្លំជាដើមហ្នឹង។ គណបក្សកាន់អំណាចនិយាយឱ្យចំ គណបក្សប្រជាជនកម្ពុជា ដែលជាឈ្នះឆ្នោតត្រូវការពារភាពស្របច្បាប់របស់ខ្លួន»។
លោកបានបន្តថា ករណីលោក សុន ឆ័យ នេះជាគំរូសម្រាប់ អ្នក នយោបាយ ឬជនដទៃទៀត ដែលមុននឹងបញ្ចេញមតិលើបញ្ហារសើប លើបញ្ហានយោបាយ គួរមានការប្រុងប្រយ័ត្ន ដោយសារពលរដ្ឋខ្មែរ ភាគច្រើនមិនសូវបានផ្ទៀងផ្ទាត់ព័ត៌មាន និងងាយជឿ ដែលងាយនឹង បង្កភាពច្របូកច្របល់ដល់សង្គម។
សូមរំឭកថា សាលដីការបស់សាលាឧទ្ធរណ៍ កាលពីខែធ្នូ ឆ្នាំ២០២២ តុលាការនេះបានសម្រេចពិន័យ លោក សុន ឆ័យ ចំនួន១០លាន រៀលឱ្យបង់ចូលរដ្ឋ ហើយសងជំងឺចិត្តទៅគណបក្សប្រជាជន កម្ពុជាចំនួន បួនពាន់លានរៀល ឬប្រមាណមួយលានដុល្លារអាមេរិក និងសម្រេចពិន័យ ១០លានរៀលដាក់ទៅក្នុងកញ្ចប់ថវិកាជាតិ ហើយ ចំណែកផ្សេងទៀតទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះដែរ តុលាការកំពូលបាន ប្រកាស សាល ដីកាដោយសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុង របស់សាលាឧទ្ធរណ៍ លើសំណុំរឿង លោក ស៊ុន ឆ័យ អនុប្រធាន គណបក្សភ្លើងទៀន ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងប្តឹងដោយ គ.ជ.ប៕
ដោយ៖សំបាន ច័ន្ទដារ៉ា