រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យមន្ត្រីប.ស.ស.ផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានណែនាំដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក នៃរបស់បេឡាជាតិសន្តិសុខសង្គម ត្រូវបន្តចាត់ ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីត មន្រ្តី រាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករ និយោជិត តាមរយៈការ ផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការ វិជ្ជាជីវៈ និងមានស្មារតី ទទួលខុសត្រូវខ្ពស់។

ការណែនាំរបស់ឯកឧត្តមបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី២៨ ខែកុម្ភៈ នៅសាល សន្តិភាព ប.ស.ស.។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ ការខិតខំ ប្រឹងប្រែងរបស់បេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិក ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគី ដែលមានតំណាងរាជរដ្ឋាភិបាល មកពីអន្តរក្រសួង តំណាងនិយោជក និងតំណាងកម្មករនិយោជិត ព្រមទាំងក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន ដៃគូរពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកប្រកបដោយ ស្មារតីទទួលខុសត្រូវ រហូតទទួលបាននូវ សមិទ្ធផលគួរជាទី មោទនៈ។
ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា ៖ «បើគ្មានការខិតខំប្រឹង ប្រែង ហើយធ្វើបានយ៉ាងល្អទេនោះ ប.ស.ស. ក៏មិនទទួលបានការ កោតសរសើរពីសំណាក់អន្ដរជាតិ នៃប្រទេសដែលជាដៃគូរអភិវឌ្ឍន៍ នោះឡើយ។ ជាក់ស្តែងសម្រាប់ រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ ប.ស.ស. បានអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជោគជ័យ និងបានទទួលនូវពានរង្វាន់ឆ្នើមពីសមាគមសន្ដិសុខសង្គមអាស៊ានសរុបចំនួនប្រាំពីរលើក ក្នុងនោះក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះមួយលើករួច មកហើយដែរក្នុងឆ្នាំ ២០២១ កន្លងមកនេះ»។

នាឱកាសនោះដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្នបេឡា ជាតិ របបសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែក ហានិភ័យ ការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលទើបដាក់ឱ្យអនុវត្តថ្មីៗនេះ ទាំងវិស័យឯកជន និងវិស័យ សាធារណៈ។
យោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារ បានចុះបញ្ជីសរុបចំនួន ២០ ៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦នាក់, ផ្នែកថែទាំសុខភាពចំនួន ១៧ ៨២១ សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនមានចំនួន ១៤ ៣៥២សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន ២ ៧០៦នាក់។
ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់។ ដោយឡែកក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម បានចំណាយតាវកាលិកសម្រាប់ វិស័យ ឯកជន និងវិស័យសាធារណៈ ជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន ២២.៦២ប៊ីលាន រៀល និងផ្នែកថែទាំសុខភាពសរុបចំនួន ៣២៣.២៨ប៊ីលានរៀល។

បើតាម ឯកឧត្តម អ៊ិត សំហេង គឺ បេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ,ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធននៅឆ្នាំ២០២២ ព្រមទាំងការអនុវត្ដផ្នែកថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ដ្រីពេល សម្រាលកូននៅឆ្នាំ២០១៨។ ដោយឡែក សម្រាប់វិស័យសាធារណៈបានដាក់ឱ្យអនុវត្តផ្នែក ថែទាំ សុខភាពនៅឆ្នាំ២០១៨ និងផ្នែកហានិភ័យការងារនៅឆ្នាំ២០២១៕
ដោយ៖យុទ្ធ វីរៈ

ads banner