កាកបាទក្រហមកម្ពុជា ជាស្ថាប័នមនុស្សធម៌នាំមុខគេនៅកម្ពុជា នឹងធ្វើខ្លួនឱ្យក្លាយជាសមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ក្នុងការលើកកម្ពស់ជីវភាពជនរងគ្រោះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃកាកបាទក្រហមកម្ពុជា បានលើកឡើងថា កាកបាទ ក្រហមកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ ដោយធ្វើយ៉ាងណាឱ្យស្ថាប័នមនុស្សធម៌នាំមុខគេ នៅកម្ពុជាមួយនេះ ក្លាយជាសមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហម កម្ពុជា បានថ្លែងឡើងក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជា ខេត្ត
កណ្តាល» (ជុំទី២) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧-២៨ ខែកុម្ភៈ។

យោងតាមកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ពិធីនេះមានការ ចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមការងារ បច្ចេកទេសមកពីទីស្នាក់ការកណ្ដាល ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត និងទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាសរុប ប្រមាណ ៤០នាក់។

អគ្គលេខាធិការរងទី១រូបនេះ បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែង តែយកចិត្តទុកដាក់ខ្ពស់ ផ្តោតអាទិភាពលើការងារអភិបាលកិច្ចល្អ និងបន្តអភិវឌ្ឍស្ថាប័នរបស់កាកបាទក្រហមកម្ពុជា រហូតសម្រេច បានការកសាងយុទ្ធសាស្ត្រទី១របស់កាកបាទក្រហមកម្ពុជា ២០០៣-២០១០ ដើម្បីកសាងកាកបាទក្រហមកម្ពុជា ឱ្យក្លាយជា សមាគមជាតិដែលមានដំណើរការល្អ។
លោកជំទាវមានប្រសាសន៍ថា ៖ «រហូតមកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលមានទស្សនៈវិស័យ ធ្វើយ៉ាងណាឱ្យ កាកបាទ ក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌នាំមុខគេនៅកម្ពុជា នឹងក្លាយ ជាសមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ និងសម្រេចបាន បេសកកម្ម ក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើក កម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ»។

ការចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនេះ លោកជំទាវបាន បញ្ជាក់ថា កាកបាទក្រហមកម្ពុជាចូលរួមតាមរយៈវិស័យអាទិភាព ចំនួ នបួនរួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការ ប្រែប្រួល អាកាសធាតុ, សុខភាព និងការថែទាំសុខភាព ក្នុង សហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងអាទិភាពទី៤គឺ ការអភិវឌ្ឍស្ថាប័ន។

នាឱកាសនោះដែរ លោក គួយ ប៊ុនធឿន អនុប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានលើក ឡើងដែរពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការលើកកម្ពស់សមត្ថភាពសាខាគ្រប់រាជធានី-ខេត្ត ដើម្បីធានាឱ្យសកម្មភាពមនុស្សធម៌ជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ប្រកបដោយ ប្រសិទ្ធភាព ខ្ពស់។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានអនុវត្តការប៉ាន់ប្រមាណ សមត្ថភាពសាខា (បូកា-BOCA) ជុំទី១ នៅឆ្នាំ២០១៥ ចំពោះសាខា ទាំង២៥រាជធានី-ខេត្តបានចប់សព្វគ្រប់ហើយ ដោយបានឆ្លុះបញ្ចាំង ទៅតាមយុទ្ធសាស្ត្រ២០១១-២០២០។
ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមអនុវត្ត ការប៉ាន់ប្រមាណសមត្ថភាពសាខា (បូកា-BOCA) ជុំទី២នេះ ដោយឆ្លុះបញ្ចាំងទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលបានចាប់ផ្តើមអនុវត្តជំហានដំបូង ក្នុងជុំទី២នេះ សម្រាប់សាខាចំនួន៤។
ខេត្តទាំងនោះ រួមមាន៖ ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ ប៉ៃលិន និង ខេត្តកណ្តាល ដែលជាសាខាគោលដៅកំពុងអនុវត្តកម្មវិធីលើក កម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្រោម ការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមហ្វាំងឡង់៕
ដោយ៖នាង សុគន្ធា

ads banner