មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផ្លាស់ប្តូរជាមូលដ្ឋានលើវិស័យកសិកម្ម ខណៈប្រទេសជួបនឹងវិបត្តិកង្វះស្បៀងអាហារ
ព្យុងយ៉ាង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ នៅថ្ងៃអង្គារទី ២៨ ខែកុម្ភៈថា លោកមេដឹកនាំ គីម ជុងអ៊ុន បានជំរុញ ឱ្យ មន្ត្រីរដ្ឋាភិបាលធ្វើ «ការផ្លាស់ប្តូរជាមូលដ្ឋាន» ក្នុងផលិតកម្ម កសិកម្ម ចំពេលមានការភ័យខ្លាចថា វិបត្តិកង្វះស្បៀងអាហារក្នុង ប្រទេសកាន់តែយ៉ាប់ទៅៗ។ នេះបើតាមរាយការណ៍បន្ត របស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក គីម បានថ្លែងក្នុងថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េទី ៨កាលពីថ្ងៃចន្ទថា ការសម្រេចបាននូវគោលដៅផលិតកម្មស្បៀងនៅឆ្នាំនេះ គឺជា អាទិភាពចម្បងមួយ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃ ផលិតកម្មកសិកម្មដែលមានស្ថិរភាព។
សេចក្តីរាយការណ៍របស់ KCNA មិនបានបញ្ជាក់លម្អិតអំពីវិធាន ការ អ្វីដែលកូរ៉េខាងជើងនឹងចាត់ទុកទេ ប៉ុន្តែលោក គីម បានថ្លែងថា ការផ្លាស់ប្តូរត្រូវតែធ្វើឡើងនៅប៉ុន្មានឆ្នាំខាងមុខ។ លោកថា៖ «គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ដរាបណាប្រព័ន្ធដឹកនាំដ៏រឹងមាំត្រូវ បានបង្កើតឡើងនៅក្នុងគណបក្សទាំងមូល ហើយមានកម្លាំងរួបរួម របស់ប្រជាជនទាំងអស់»។
យោងតាមក្រុមអ្នកស្រាវជ្រាវផ្សេងៗ វិស័យកសិកម្មកូរ៉េខាងជើង សម្បូរ ទៅដោយកសិដ្ឋានបែបសមូហភាព។ កសិដ្ឋានបែបនេះ ជាធម្មតាទទួលកសិករខ្នាតតូចជាច្រើនដែលដាំដំណាំដោយប្រើកម្លាំងពលកម្មរួមគ្នា។
ការលើកឡើងរបស់លោក គីម ធ្វើឡើងចំពេលដែលមានការ រាយការណ៍ពី កំណើននៃកង្វះស្បៀងអាហារក្នុងប្រទេស ទោះបី ជាកូរ៉េខាងជើងបានបដិសេធការលើកឡើងដែលថា ខ្លួនមិនអាច ផ្គត់ផ្គង់ដល់ពលរដ្ឋរបស់ខ្លួនក៏ដោយ។
យោងតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង ផលិតកម្មស្បៀងកសិកម្ម របស់ កូរ៉េខាងជើងកាលពីឆ្នាំមុន មានចំនួន ៤,៥ លានតោន។ នេះបើតាមការស្រង់ទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន AP។ ក្នុងទសវត្សរ៍មុន ផលិតកម្មប្រចាំឆ្នាំរបស់ប្រទេសមានប្រហែលពី ៤,៤-៤,៨ លានតោន។ ប៉ុន្តែទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើង ត្រូវការគ្រាប់ធញ្ញជាតិ ឬស្បៀងកសិកម្មចំនួន ៥,៥ លានតោន ដើម្បីចិញ្ចឹមប្រជាជនចំនួន ២៥ លាននាក់របស់ខ្លួនក្នុងមួយឆ្នាំៗ។
កាលពីដើមខែកុម្ភៈនេះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាន អះអាងថា ស្ថានភាពស្បៀងអាហារនៅកូរ៉េខាងជើង «ហាក់ដូច ជាកាន់តែយ៉ាប់យ៉ឺនទៅៗ»។
ក្រសួងនិយាយនាពេលនោះថា វាកម្រណាស់ដែលកូរ៉េខាងជើង កោះហៅកិច្ចប្រជុំពិសេសស្តីពីយុទ្ធសាស្ត្រកសិកម្ម ដែលបានគ្រោង ធ្វើនៅចុងខែកុម្ភៈ។
ក្នុងសុន្ទរកថានៅកិច្ចប្រជុំដដែលកាលពីថ្ងៃចន្ទ លោក គីម បានលើកឡើងពី «សារៈសំខាន់នៃកំណើននៃកម្លាំងផលិត ភាព កសិកម្ម» ដើម្បីធានាឱ្យមានការអភិវឌ្ឍសង្គមនិយម។
គួរបញ្ជាក់ថា កូរ៉េខាងជើងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិ យ៉ាងតឹងរ៉ឹង ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះរងភាពតានតឹងបន្ថែមទៀត ដោយ ការបិទព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
គេមិនដឹងពីវិសាលភាពនៃវិបត្តិកង្វះស្បៀងអាហារកូរ៉េខាងជើងនាពេលនេះទេ ប៉ុន្តែក្នុងរបាយការណ៍មួយចេញផ្សាយកាលពីខែមករា អង្គការឃ្លាំមើលកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ 38 North លើកឡើងថា ស្បៀងអាហាររបស់កូរ៉េខាងជើង ទំនងជាបានធ្លាក់ចុះក្រោមដល់កម្រិតទាបបំផុត បើគិតពីតម្រូវ ការ របស់មនុស្ស ដោយអសន្តិសុខស្បៀងមានលក្ខណៈអាក្រក់បំផុតចាប់ តាំងពីគ្រោះទុរ្ភិក្សនៅទសវត្សរ៍ឆ្នាំ ១៩៩០ ដែលសម្លាប់មនុស្ស រាប់សែននាក់។
របាយការណ៍ដដែលបាននិយាយថា ក្រៅពីការផលិតស្បៀងមិ នបានគ្រប់គ្រាន់ ការពឹងផ្អែកយ៉ាងខ្លាំងលើទំនិញនាំចូល ធ្វើឱ្យ ប្រទេសនេះរងផល់ប៉ះពាល់ពីបញ្ហាសកលធំ ជម្លោះការទូត និងគ្រោះធម្មជាតិបណ្ដាលមកពីអាកាសធាតុជាដើម។ 38 North លើកឡើងថា ដំណោះស្រាយរយៈពេលវែងចំពោះបញ្ហារួមមាន ទាំងការដោះស្រាយលើការប្រឈមមុខដាក់គ្នាផ្នែកអាវុធនុយក្លេអ៊ែរ និងទណ្ឌកម្ម និងការធ្វើកំណែទម្រង់សេដ្ឋកិច្ចជាដើម។
អង្គការឃ្លាំមើលដដែលបន្តថា ការចាប់ផ្តើមនៃកំណែទម្រង់ សេដ្ឋកិច្ចក្នុងស្រុក នឹងជួយដល់សមត្ថភាពផលិតភាពរបស់កូរ៉េខាង ជើង និងអនុញ្ញាតឱ្យប្រទេសនេះនាំចេញនូវផលិតផលឧស្សាហកម្ម និងសេវាកម្មដែលអាចជួញដូរបាន អាចប្តូរប្រាក់បរទេស និងនាំចូល ស្បៀងកសិកម្មក្នុងទំហំច្រើនលើមូលដ្ឋានប្រកបដោយនិរន្តរភាពពាណិជ្ជកម្ម៕
ដោយ៖ហួន ឌីណា