ឯកឧត្តម ព្រុំ សុខា៖ រាជរដ្ឋាភិបាលសម្រេចបង្កើតភូមិថ្មី ដើម្បីផ្តល់ឱកាសល្អដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន
ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតភូមិថ្មី ដើម្បីផ្តល់ឱកាសល្អដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ដើម្បីឆ្លើយតបបានតាមសំណូមពរនេះ ការជ្រើសរើសបានអ្នកដឹកនាំភូមិល្អមានលក្ខណៈសម្បត្តិសក្តិសមគឺពិតជាមានសារៈសំខាន់បំផុត។ ហេតុនេះ ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានភូមិនៅពេលនេះ គឺជាការអនុវត្តនីតិវិធីប្រជាធិបតេយ្យ ដើម្បីចូលរួមចំណែកជ្រើសរើសឱ្យបានអ្នកដឹកនាំភូមិដែលប្រជាពលរដ្ឋគាំទ្របង្កលក្ខណៈដល់ការជំរុញអនុវត្តរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាចំណែកសំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើងទាំងមូល។
ការថ្លែងឡើងបែបនេះធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ អញ្ជើញចុះស្ទាបស្ទង់មតិប្រជាពលរដ្ឋក្នុងការជ្រើសរើសបេក្ខជនប្រធានភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ការចុះស្ទាប់ស្ទង់មតិប្រជាពលរដ្ឋនេះធ្វើឡើង នៅក្រោយពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល តាមប្រកាសលេខ៦៩៤៦ ប្រក. ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតភូមិថ្មីចំនួន៣២ ក្នុងស្រុកស្នួល និងស្រុកឆ្លូង នៃខេត្តក្រចេះរួចមក និងដោយអនុវត្តតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា បានជំរុញឱ្យមានការស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិសម្រាប់ភូមិថ្មី២ទៀត និងផ្តាំផ្ញើជូនក្រុមការងារ ក៏ដូចមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយ ពង្រឹងសាមគ្គីភាព ផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីដណ្តើមឱ្យបានទឹកចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជន សំដៅឈានទៅដណ្តើមជ័យជម្នះធំធេងបន្តទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរួមចំណែកធានាតួនាទីដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់កម្ពុជាតរៀងទៅ។
សូមបញ្ជាក់ថា ភូមិព្រែកសណ្តាយដែលទើបបង្កើតថ្មី គឺបានបំបែកចេញពីភូមិឈើទាលភ្លោះ សិ្ថតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានប្រជាពលរដ្ឋរស់នៅ៤១៧គ្រួសារ ចំនួនមនុស្សជិត២ពាន់នាក់៕ ដោយ ៖ ង៉ាន់ ទិត្យ



