ឯកឧត្តម ជា សុផារ៉ា៖ សមិទ្ធិផលដ៏ធំស្កឹមស្កៃ ជាសម្បត្តិគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា និងក្លាយជាទីសក្ការះបូជារបស់ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា សមិទ្ធិផលដ៏ធំស្កឹមស្កៃមួយដែលជាសម្បត្តិគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា ដែលមានការចូលរួមពីសប្បុរសនិងពុទ្ធបរិស័ទជិតឆ្ងាយ និងក្លាយជាទីសក្ការះបូជារបស់ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកឧបដ្ឋានសាលាថ្មីនិងសមិទ្ធិផលនានាក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ដែលមានអាយុកាលកកើតឡើងជាង៦០ឆ្នាំ និងមមានតម្លៃជិត ១លានដុល្លារសហរដ្ឋអាមេរិក នេះ និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ពីព្រោះសមិទ្ធផលទាំងនេះគឺជាមោទនភាពរបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទទាំងអស់ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំទន្លូងផ្ទាល់ដែលបានរួមចំណែកបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីអោយសមិទ្ធិផលដ៏ល្អទាំងនេះលេចចេញជារូបរាង។

ការថ្លែងឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែល ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តហត្ថិវនារាម ហៅវត្តក្តុល ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ប្រកបដោយយុទ្ធសាស្រ្តត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ផ្តល់នូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ឱ្យចាកផុតពីភាពភ័យខ្លាចនានា ក្នុងនោះ ក៏មានយុទ្ធសាស្រ្តទប់ស្កាត់វីរុសឆ្លងរាតត្បាតកូវីដ-19 ប្រកបដោយភាពជោគជ័យ ដែលបង្កលក្ខណះអោយកម្ពុជា អាចបើកដំណើរការឡើងវិញលើគ្រប់វិស័យ ។

ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏សូមឧទ្ទិសកុសលដែលកើតចេញពីការកសាងសមិទ្ធិផលនានាក្នុងវត្តនេះជូនដល់វិញ្ញាណក្ខ័ន្ធយុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិនិងប្រជាជន ព្រមទាំងវិញ្ញាណក្ខ័ន្ធប្រជាជនស្លូតត្រង់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបកម្ពុជាប្រជាប្រជាធិបតេយ្យ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតផងដែរ ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner