ប្រមុខការទូតកម្ពុជា ៖ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល
ភ្នំពេញ៖ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានថ្លែងបញ្ជាក់ថា ចំណុច ឬ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១ នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល មានទម្ងន់ខាងភូមិសាស្ត្រនយោបាយការទូត និងយោធាកាន់តែធំឡើងដំណាល ពេលអាមេរិកជាប់ផុងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត ក្នុងនាមប្រឆាំងភេរវកម្ម ឬ ការពារលទ្ធិប្រជាធិបតេយ្យ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅឆ្នាំ ២០២៣របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ការងើបឡើងរបស់ប្រទេសចិនបានបង្កទៅជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់ ស.រ.អា ចំពោះការរក្សាឋានៈជាមហាអំណាចទីមួយនៃពិភពលោក។ ទំនាក់ទំនងកាន់តែលំបាកឡើងរវាងស.រ.អ. និង ចិន ជះឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច និងសណ្តាប់ធ្នាប់សកល។ ការប្រកួតប្រជែងនេះបានស្តែងឡើងតាម រូបភាពចម្រុះ និងតាមការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដែលជាការតបតគ្នាមិនដាច់។
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានបន្តថា ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង និងលើរណសិរ្សកាន់តែច្រើន រវាងមហាអំណាចធំបំផុតទាំង២ គឺ ស.រ.អ. និង ចិន។ការប្រជែងនេះ បានបង្កើតឡើងនូវស្ថានភាពដ៏លំបាកសម្រាប់ប្រទេសមធ្យម និងតូច ក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់នូវជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន។ ជាមួយនេះ កត្តាខាងក្រៅជាច្រើនទៀត ក៏ជះឥទ្ធិពលមកលើដំណើរវិវត្តន៍នេះ តួយ៉ាង ផលប៉ះពាល់ធ្ងន់ធ្ងរ និងចំរុះដែលបណ្តាលមកពីជម្ងឺរាលដាលកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀត។ ភ្នក់នៃភាពតានតឹងដែលមានស្រាប់ឬកំពុងធ្លាក់ក្នុង ស្ថានភាព ធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់ បន្តធ្វើឲ្យសហគមន៍អន្តរជាតិខ្វល់ខ្វាយ និងចំណាយធនធាន ពេលវេលាសន្ធឹកសន្ធាប់ ឯវិបត្តិ និងសង្គ្រាមនៅតំបន់ខ្លះ នាំឲ្យរង្គោះរង្គើរដល់របៀបរបបសកលលោកផ្អែកលើច្បាប់អន្តរជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិភាព សន្តិសុខ ស្ថេរភាពនៃតំបន់ទាំងនោះ ឬក៏ឆ្ងាយជាងនេះ។

ឆ្លើយតបនឹងការងើបឡើងនៃអំណាច និងឥទ្ធិពលរបស់ចិន ចាប់តាំងពីប្រទេសនេះបានដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែរក្រវាត់និងផ្លូវ (BRI) នៅឆ្នាំ២០១៣ មក សហរដ្ឋអាមេរិកក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហរ» (បន្ទាប់ពីនយោបាយងាកមករក អាស៊ី – Pivot to Asia – របស់លោក Obama), ដាស់និងពង្រឹងឡើងវិញនូវសម្ព័ន្ធភាពរបស់ ខ្លួននៅអឺរ៉ុប និងនៅអាស៊ី ព្រមទាំងកសាងឡើងនូវអង្គការភូមិសាស្ត្រនយោបាយ ដើម្បីហ៊ុំព័ទ្ធចិន។ តួយ៉ាង «កិច្ចសន្ទនាសន្តិសុខចតុភាគី»(QUAD),«កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី»(AUKUS),និង«ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក» (IPEF) ជាដើម។ «យុទ្ធសាស្ត្រសន្តិសុខជាតិ» របស់ស.រ.អា. ដែលចេញផ្សាយនាខែតុលា ២០២២ ថ្មីៗនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញារបស់អាមេរិកក្នុងការប្រឆាំងចិនដោយយកការប្រកួតប្រជែងផ្នែកយុទ្ធសាស្រ្ត ជាមួយចិនជាអាទិភាពទី១។
ចាប់តាំងពីបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ នៃពិភពលោកនៅឆ្នាំ២០១៣ ប្រទេសចិនកាន់តែមានទំនុកចិត្តលើសមត្ថភាព អំណាច និង ឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការតំបន់ និងពិភពលោក។ ចិនប្រកាសនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនូវ «មហាប្រទេសសង្គមនិយមទំនើបលើគ្រប់វិស័យ» តាមលក្ខណៈពិសេសរបស់ចិន ដែល «គ្មាននរណាអាចរារាំងបានឡើយ»។
ប្រភពដដែលបានលើកឡើងថា អាស្រ័យដោយកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរ ក្នុងរយៈពេលច្រើនទសវត្សជាប់ៗគ្នា ប្រទេសចិនបានដើរតាមទាន់ស.រ.អសឹងគ្រប់វិស័យ។ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅតំបន់ជាច្រើនលើពិភពលោកមានលក្ខណៈទូលាយ និងកើនឡើងជាលំដាប់។ ចិនជាដៃគូសំខាន់បំផុតផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់សឹងគ្រប់ប្រទេសនៅអាស៊ី។ ចិនមានលទ្ធភាពបង្កើត និងអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ហើយថ្មីៗនេះទៀត កៀរគរ «ក្រុមមិត្ត» នៃ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» (GDI) ក៏ដូចជាបង្កើតនូវ «គំនិតផ្តួចផ្តើមសន្តិសុខសកល» (GSI)។ ជាមួយនេះ ចិនក៏ចាប់ដៃរុស្ស៊ី កសាងនូវទំនាក់ទំនងយុទ្ធសាស្ត្រ និងយោធា ដើម្បីឆ្លើយតបទៅនឹងសម្ពាធនិងការប្រឈមដែលចេះតែកើន ឡើងជាមួយក្រុមប្រទេសខាងលិច ដែលបង្កឲ្យមាននូវស្ថានភាពមួយស្រដៀងគ្នានឹងសម័យកាលសង្គ្រាមត្រជាក់។ ចិន និងរុស្ស៊ី ក៏ចាប់ដៃគ្នាក្នុងការជំរុញឱ្យ «ងាកចេញពីប្រព័ន្ធទូទាត់អន្តរជាតិដែលត្រួតត្រាដោយលោកខាងលិច»ដើម្បីកាត់បន្ថយហានិភ័យ នៃការដាក់ទណ្ឌកម្មនានា ព្រមទាំងបង្កើននូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ផ្នែកបច្ចេកវិទ្យានិងលំហ អ៊ិនធឺណិត។ ក្នុងបរិបទដែលសង្គ្រាមនៅអ៊ុយក្រែនបន្តវិវត្តន៍កាន់តែស្មុគ្រស្មាញ និងប្រកបដោយគ្រោះថ្នាក់នោះ តួនាទី និងការសម្រេចរបស់ចិន នឹងមានសារៈសំខាន់បំផុតសម្រាប់អនាគតនៃសង្គ្រាមនេះ និងអនាគតនៃសណ្តាប់ធ្នាប់ពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ប្រធានបទទី១ នៃការពិភាក្សារបស់យើងនឹងផ្តោតទៅលើផលប៉ះពាល់ នៃការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងនេះមកលើកម្ពុជា ការគិតគូរជាយុទ្ធសាស្ត្រ ការប្រកាន់គោល-ការណ៍គោលជំហរ របស់យើងក្នុងស្ថានភាពដ៏ស្មុគ្រស្មាញ និងគ្រោះថ្នាក់នេះ ដើម្បីការពារឱ្យបាននូវប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជនយើង។
ប្រធានបទទី២ គឺ ជំងឺរាលដាលកូវីដ-១៩បានបង្កមហន្តរាយនៅគ្រប់ច្រកល្ហកនៃពិភពលោកក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះហើយ ប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលសាធារណៈ កាត់ផ្តាច់ ឬធ្វើឱ្យរអាក់រអួលដល់ច្រវាក់ផ្គត់ផ្គង់សកល ប៉ះពាល់ជ្រាលជ្រៅដល់សេដ្ឋកិច្ច និងសង្គម និងផ្តាច់យកជីវិតមនុស្សរាប់លាននាក់។ ក្នុងពេលដែលពិភពលោកកំពុងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញពីផលវិបាកនៃជំងឺនេះ ការកើតឡើង និងរីករាលដាលនៃវ៉ារីយ៉ង់ថ្មីៗ គួបផ្សំនឹងការប្រឈមដែលត្រូវដោះស្រាយក្នុងបរិបទសេដ្ឋកិច្ចសកលដ៏លំបាកនោះ ក៏បន្តគំរាមកំហែងសន្តិសុខខាងសុខភាព និងបន្ទច់បង្អាក់ដំណើរការស្តារឡើងវិញនេះដែរ។ក្នុងស្ថានភាពបែបនេះការពិភាក្សារបស់យើងនឹងត្រូវផ្តោតទៅលើដំណោះស្រាយនានា ដែលប្រសើរបំផុត ដើម្បីទាក់ទាញការវិនិយោគពីបរទេស ការបង្កើនទេសចរ ការនាំចេញផលិតផលរបស់យើង ពិសេសនៅពេលកម្ពុជាលែងទទួលបានភាពអនុគ្រោះក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។
កំណែទម្រង់ផ្ទៃក្នុងក្រសួង យើងបាននាំមកនូវផ្លែផ្កាជាច្រើន ក្នុងការលើកកំពស់ប្រសិទ្ធភាព វិជ្ជាជីវៈនិងភាពមុតស្រួចនៃអ្នកការ ទូតយើង។ យ៉ាងណាក៏ដោយ ក៏ការកែទម្រង់នេះ នឹងត្រូវបន្តទៅទៀត ដើម្បីប្រែក្លាយក្រសួងការបរទេសនិងជួរអ្នកការទូត របស់យើង ទៅជាសេនាធិការ និងជាយុទ្ធជនឈានមុខក្នុងការការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជនយើង នៅលើឆាកអន្តរជាតិ។ ប្រធានបទទី៣ នៃការពិភាក្សារបស់យើង នឹងពិនិត្យពិចារណាឲ្យកាន់តែស៊ីជម្រៅ ថាតើកំណែទម្រង់កន្លងមកបានទទួលផលយ៉ាងម៉េចខ្លះ? តើជួបបញ្ហាប្រឈមអ្វីខ្លះ ហើយត្រូវដោះស្រាយយ៉ាងណា?
ខាងលើនេះ គឺជាគំនិតខ្លះៗ ដែលថ្នាក់ដឹកនាំ មន្រ្តីការទូត និងមន្រ្តីយើងទាំងអស់ ត្រូវខិតខំប្រមូលផ្ដុំបញ្ញាញាណ ជជែកវែកញែក ផ្លាស់ប្តូរទស្សនៈគ្នា លើកជាគំនិតផ្តួចផ្តើម ជាផែនការ និងវិធានការការងារ សំដៅសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ពិសេសនៅក្នុងកិច្ចការពារផលប្រយោជន៍ និងលើកស្ទួយកិត្យានុភាពជាតិយើង៕ ដោយ៖ពលជ័យ