ប្រជាពលរដ្ឋមានវ័យចាស់ គ្មានទីពឹង នៅខេត្តបន្ទាយមានជ័យ ទទួលបាន ការយកចិត្តទុកដាក់ថែទាំ
ប្រជាពលរដ្ឋមានវ័យចាស់ គ្មានទីពឹង នៅខេត្តបន្ទាយមានជ័យ ទទួលបាន ការយកចិត្តទុកដាក់ថែទាំពីអាជ្ញាធរមូលដ្ឋាន និងសមាគមមនុស្សចាស់ ។
ដោយអនុវត្តបាន នូវ អនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលតែងគិតគូបញ្ហាសុខទុក្ខកុមារ និងនារី ឬ ស្ត្រី ជាពិសេសជនចាស់ជរា ។ក្នុងនោះប្រជាពលរដ្ឋមានវ័យចាស់ គ្មានទីពឹង នៅខេត្តបន្ទាយមានជ័យ ទទួលបាន ការយកចិត្តទុកដាក់ថែទាំពីអាជ្ញាធរមូលដ្ឋាន និងសមាគមមនុស្ស ចាស់។ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសចុះសួរសុខទុក្ខ មន្ត្រីរាជកា និងប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅដំណាច់ខែកុម្ភៈ ឆ្នាំ2023 ។

ឯកឧត្តម ឧបនាយក នាយករដ្ឋ មន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌលបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា មនុស្សចាស់ នៅខេត្តបន្ទាយមានជ័យគិតចាប់អាយុ 60ឆ្នាំឡើង សរុបមាន ជាង 6ម៉ឺននាក់ ដែលកំពុងទទួលបានការថែទាំ ពីសំណាក់ អាជ្ញាធរ មូលដ្ឋាន និងក្រុមការងារ រួមជាមួយ សមាគមមូលនិធិក៏ដូចជាសមាគមមនុស្សចាស់ នៅតាមក្រុង ស្រុកគោលដៅ ។ ហើយកាថែទាំនោះគឺយើងបានជួយទំនុកបំរុងជាស្បៀងអាហារ សម្លៀកបំពាក់ និងពេលគាត់ឈឺក៏បាន ជួយផ្ដល់ជាថ្នាំ ឫឲ្យគ្រូពេទ្យជួយព្យាបាលគាត់។ ជា
ពិសេសជនវ័យចាស់មានជីវភាពខ្វះខាត ឬគ្មានទីពឹង ក្រុមការងារ យើងតែងបានជួយជួសជុល ផ្ទះសម្បែង ឬ បានធ្វើផ្ទះ ឲ្យជនវ័យចាស់មួយចំនួន ដែលពុំមានលំនៅឋាន ។

ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានបញ្ជាក់ទៀតពីការ គិតគូសុខទុក្ខជនវ័យចាស់នោះ ដ្បិតអី មនុស្សចាស់ ជាមរតក៌រស់ មិនអាចខ្វះបាន។ ជាអ្នកធ្លាប់បានចិញ្ចឹមបីបាច់រក្សាយើងគ្រប់ៗ គ្នា និងផ្ដល់ចំណេះដឹង មុខរបរ ការងារ ។ហើយបើទោះ ជាពួកគាត់មានវ័យចាស់គ្មានកម្លាំង ពួកគាត់នៅតែជាអ្នកផ្ដល់ការប្រឹក្សាយោបល់ និង បទពិសោធន៍ការងារល្អៗ សម្រាប់យើងទាំអស់គ្នាជា អ្នកកំពុងបន្តវេន អភិវឌ្ឍសង្គមជាតិ ៕

ដោយ គៀន ច័ន្ទហ៊ីន