សម្តេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី ១ខ្នង ២ជាន់ស្មើ១២បន្ទប់ ស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ខេត្តបាត់ដំបង
ខេត្តបាង់ដំបង ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាសជាផ្លូវការ សមិទ្ធផលថ្មីនៃអគារសិក្សាមួយខ្នង ២ជាន់ស្មើ១២បន្ទប់ នៃសាលាបឋមសិក្សានិតព្រិល-ភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាង់ដំបង កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានចាត់ទុកអគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលអាជ្ញាធររដ្ឋបាលគ្រប់ថ្នាក់សម្រេចបានជាបន្តបន្ទាប់កន្លងមក។

សម្តេចក៏បានថ្លែងការកោតសរសើរ និងបានសម្តែងការអរគុណចំពោះសប្បុរសជននានា ដែលបានខិតខំកៀគរក្នុងការកសាងនិងសម្រេចបាននូវសមិទ្ធផលនេះឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរក្នុងការជួយគាំទ្រដល់វិស័យអប់រំសិក្សា សម្រាប់បណ្តុះបណ្តាលនូវធនធានមនុស្សនៅក្នុងមូលដ្ឋាន។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ ឱ្យដឹងថា ៖ អគារសិក្សានិងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សា និតព្រិល ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានចំណាយថវិកាសរុបចំនួន ២១៤ ០៨០ដុល្លាអាមេរិក បានមកពីការចូលរួម របស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និង សប្បុរសជននានា។
សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលប្រកបការដាំដុះដំណាំកសិកម្ម ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យក្លាយជាភូមិមួយផលិតផលមួយ ក្នុងការធានាឲ្យបានទាំងគុណភាព និងបរិមាណ តម្រូវការទីផ្សារ និងខិតខំរក្សាកេរ្តិ៍ឈ្មោះផលិតផលរបស់ខ្លួនឲ្យឆ្លើយតបស្តង់ដារ នៃតម្រូវការលើទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់ការនាំចេញប្រកបដោយគុណភាពខ្ពស់ទើបធ្វើឲ្យជីវភាពរបស់បងប្អូនបានប្រសើរឡើងថែមទៀត៕





អ៊ុក សំអាន