សកម្មជនវ័យក្មេង Greta Thunberg ត្រូវបានប៉ូលីសន័រវែសឃាត់ខ្លួន ពេលកំពុងធ្វើបាតុកម្មគាំទ្រជនជាតិដើមភាគតិច

ន័រវែស៖ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកធ្វើយុទ្ធនាការបរិស្ថានវ័យក្មេង កញ្ញា Greta Thunberg ត្រូវបានឃាត់ខ្លួនចំនួនពីរដងក្នុងកំឡុង ពេល កំពុងចូលរួមធ្វើបាតុកម្មគាំទ្រសិទ្ធិជនជាតិដើមភាគតិចនៅ ទីក្រុងអូស្លូ (Oslo) នៃប្រទេសន័រវែស ដោយប៉ូលីសបានធ្វើការ អូស ខ្លួនរបស់កញ្ញា និងសកម្មជនផ្សេងទៀតចេញពីកន្លែងធ្វើបាតុកម្ម នៅមុខ ក្រសួងហិរញ្ញវត្ថុ ហើយក្រោយមកទៀត នៅមុខក្រសួងបរិស្ថាន។

គួរដឹងដែរថា កាលពីថ្ងៃចន្ទ កញ្ញា Thunberg បានចូលរួមជាមួយ ក្រុម អ្នកតវ៉ាទាមទារឱ្យដកបង្គោលទួរប៊ីនបក់ខ្យល់ចំនួន ១៥១ ដើមចេញពីវាលស្មៅដែលមានចិញ្ចឹមសត្វរមាំងដោយក្រុមជនជាតិដើមភាគតិចឈ្មោះថាសាមី (Sami) ដែលមានទីតាំងស្ថិតនៅភូមិភាគ កណ្តាលនៃប្រទេសន័រវែស។ ក្រុមបាតុករបានលើកឡើងថា ការផ្លាស់ ប្តូរទៅជាថាមពលបៃតងមិនគួរកើតឡើងដោយប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចនោះទេ។
ប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមបាតុករបានបិទផ្លូវច្រកចូលទៅកាន់អគាររដ្ឋា ភិបាលមួយចំនួន។ ការធ្វើបែបនេះបានបណ្ដាលឱ្យរដ្ឋាភិបាលសម្លេងភាគតិចកណ្តាលនិយម និងឆ្វេងនិយមត្រូវជួបប្រទះនឹងបញ្ហាប្រឈម និងជំរុញឱ្យ រដ្ឋមន្ត្រី ថាមពលលោក Terje Aasland លុបចោលដំណើរ ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអង់គ្លេស។

គួររម្លឹកថា កាលពីឆ្នាំ២០២១ តុលាការកំពូលរបស់ប្រទេស ន័រវែស បានសម្រេចថា ទួរប៊ីនខ្យល់ដែលបានដំឡើងនៅលើកសិដ្ឋានចំនួនពីរ កន្លែងនៅក្នុងស្រុកមួយឈ្មោះថា ហ្វូស្សិន (Fosen) និងនៅក្នុងផ្នែក មួយនៃអគារថាមពលខ្យល់នៅលើគោកដ៏ធំបំផុតរបស់អឺរ៉ុប បាន រំលោភលើសិទ្ធិជនជាតិដើមភាគតិចសាមីដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទួរប៊ីនខ្យល់ទាំងអស់នោះនៅតែ បន្តដំណើរការ បន្ទាប់ពីផ្អាកសកម្មភាពអស់រយៈពេល ១៦ ខែ ក្រោយ មក។

អំឡុងពេលបាតុកម្ម យុវតី Thunberg កំពុងកាន់ទង់ជាតិរបស់ ជនជាតិ ដើមភាគតិចសាមី ដែលមានពណ៌ក្រហម ខៀវ លឿង និងបៃតង។ ខណៈនោះ មន្ត្រីប៉ូលីសមកពីក្រសួងហិរញ្ញវត្ថុបាន ចាប់ ក្រៀកលើកនាងយកទៅ និងដឹកតាមរថយន្តចេញពីកន្លែងបាតុកម្ម ខណៈដែលបាតុកររាប់រយនាក់ផ្សេងទៀតកំពុងតែស្រែកច្រៀងពាក្យស្លោកផ្សេងៗរបស់ពួកគេ។
សកម្មជនបរិស្ថានវ័យក្មេងរូបនេះបានប្រាប់សារព័ត៌មាន Reuters ប៉ុន្មាននាទីមុនពេលដែលនាងត្រូវបានចាប់ខ្លួនចេញពីទីនោះថា ៖ «យើងចង់បញ្ជាក់ឱ្យច្បាស់ថា វាគឺជារដ្ឋន័រវែសទេដែលកំពុងប្រព្រឹត្ត បទឧក្រិដ្ឋយ៉ាងពិតប្រាកដនៅទីនេះ ពោលគឺរដ្ឋាភិបាលន័រវែសបាន រំលោភសិទ្ធិមនុស្ស»។ ក្រោយមកទៀត កញ្ញា Thunberg និង បាតុករ ផ្សេងទៀតជាច្រើន បានបិទផ្លូវចូលទៅកាន់ក្រសួងបរិស្ថាន និងអាកាសធាតុ ហើយក៏ត្រូវបានប៉ូលីសចាប់ខ្លួនចេញជាថ្មីម្តងទៀត។
យ៉ាងណាក៏ដោយ កញ្ញា Thunberg ត្រូវបានដោះលែងរួមជា មួយសកម្មជនផ្សេងទៀតបន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលប៉ុន្មានម៉ោងក្រោយមក។
សូមបញ្ជាក់ដែរថា កញ្ញាគឺជាអ្នកស្រឡាញ់បរិស្ថាន ដែលតែងតែបាន ធ្វើយុទ្ធនាការផ្សេងៗដើម្បីលើកកម្ពស់ការយល់ដឹងអំពីបម្រែបម្រួលអាកាសធាតុ ក៏ដូចជាបានជំរុញឱ្យមេដឹកនាំពិភពលោកឱ្យដាក់ចេញ នូវផែនការសកម្មភាព ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជាដើម។ កញ្ញាចង់ឃើញពិភពលោកឈប់ពឹងផ្អែកទៅលើថាមពលដែលមានមូលដ្ឋានចេញពីឧស្ម័នកាបូនិច។
ដោយឡែក ក្រឡេកទៅមើលកសិករចិញ្ចឹមសត្វរមាំងនៅក្នុង កសិដ្ឋាន វិញ ពួកគេបានលើកឡើងថា ការមើលឃើញ និងការស្ដាប់ឮ សំឡេង ម៉ាស៊ីនថាមពលខ្យល់ដ៏ធំជាច្រើនទាំងអស់នោះ បានបំភ័យសត្វចិញ្ចឹម របស់ពួកគេ និងមានការរំខានដល់ទំនៀមទម្លាប់ប្រពៃណីចាស់ ទុំរបស់ ពួកគេ។
ចំណែក ក្រសួងថាមពលបានថ្លែងថា ៖ «ទួរប៊ីនខ្យល់ទាំងអស់ នោះ បាន សបញ្ជាក់ឱ្យឃើញពីភាពជាប់គាំងផ្នែកផ្លូវច្បាប់ បើទោះបី ជាសាលក្រមរបស់តុលាការកំពូលធ្លាប់ត្រូវបានចេញប្រកាស និងសង្ឃឹមថានឹងអាចស្វែងរកការសម្របសម្រួលដែលជាចំណុចរួមមួយ ប៉ុន្តែវាអាចនឹងចំណាយពេលមួយឆ្នាំទៀតដើម្បីធ្វើការសម្រេច ចិត្តថ្មីទៅលើករណីក្នុងស្រុកហ្វូហ្សិននេះ»។
កាលពីថ្ងៃអង្គារ ក្រុមសកម្មជនឯទៀតបានលើកឡើងថា ពួកគេបាននាំគ្នាធ្វើការរៃអង្គាសប្រាក់បានរហូតដល់ទៅជិត ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីយកទៅជួយក្រុមបាតុករម្នាក់ៗក្នុងការបង់ប្រាក់ថ្លៃផាកពិន័យទៅកាន់ក្រុមប៉ូលីស៕
ដោយ៖ធា សុណា

ads banner