រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឱ្យមានការតាំងពិព័រណ៍ ផលិតផលខ្មែរឱ្យច្រើនក្នុងពិធីបុណ្យទន្លេលើកទី៧ខាងមុខនេះ
ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំដើម្បីសម្រេចផែនការត្រៀមរៀបចំបុណ្យ ទន្លេលើកទី៧ ដែលនឹងឈានដល់ក្នុងពេលប្រាំពីរថ្ងៃទៀត កាលពីថ្ងៃទី ១ ខែមីនាឆ្នាំ២០២៣ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុង ស្រុក ឱ្យបានច្រើន ដែលបានមកពីការផលិតរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាត្រៀមរៀបចំឱ្យបានរួចរាល់គ្រប់ផ្នែកទាំងអស់ ទាំង ការ រៀបចំការតាំងពិព័រណ៍ ទាំងផ្នែកកីឡា និងការរៀបចំផ្នែកហេដ្ឋា រចនាសម្ព័ន្ធគ្រប់ផ្នែកទាំងអស់មុនពិធីបុណ្យទន្លេមកដល់។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ៖ «នៅក្នុងពិធីបុណ្យទន្លេ លើកទី ៧ នេះ ត្រូវតែមានរៀបចំមហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការ បង្ហាញ ផលិតផលទេសចរណ៍ និងការតាំងពិព័រណ៍ ផលិតផល សិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក ភូមិមួយ ផលិត មួយ ផលិតផលកែច្នៃផងដែរ ដើម្បីទាក់ទាញទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើន»។
ឯកឧត្តមបានបន្តថា ក្រៅពីការសម្ដែងទស្សនីយភាពសិល្បៈ របាំជន ជាតិភាគតិចកួយ ការប្រគំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ ពិធីបុណ្យទន្លហើយ ក៏ត្រូវមានការបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវ ទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរ លង់មកហើយរបស់កម្ពុជាផងដែរ។ ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុ ពល ទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍ ។ជាមួយគ្នានោះសម្រាប់សម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍សហគមន៍ ក៏ត្រូវតែរៀបចំឱ្យបានផុសផុលនៅក្នុងពិធីបុណ្យទន្លេលើក ទី៧ នេះផងដែរ»។
ក្នុងនាមជាម្ចាស់សហគ្រាសផលិតនំស្រួយលីលី ដែលតែងតែមាន វត្តមាន ស្ទើរតែគ្រប់ការតាំងពិព័រណ៍ទាំងអស់ទាំងនៅក្នុងប្រទេសនិង ក្រៅប្រទេស លោកស្រី កែវ មុំ បានថ្លែងថា រាល់ព្រឹត្តការណ៍នានា ដែលក្រសួងស្ថាប័ន បានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រផលិតផលក្នុងស្រុក ផលិតផលនំស្រួយលីលីតែងតែ មាន វត្តមាន ជានិច្ច។
លោកស្រីបានបញ្ជាក់ថា ៖ «គ្រប់ព្រឹត្តការណ៍ទាំងអស់ មិនថាតែ បុណ្យ ទន្លេនោះទេ នាងខ្ញុំគាំទ្រឱ្យមានការតាំងបង្ហាញផលិតផល ខ្មែរយើងជានិច្ច ព្រោះនេះជាឱកាសដែលអ្នកផលិតក្នុងស្រុករបស់ យើងស្វែងរកទីផ្សារបន្ថែម និងជាការតាំងបង្ហាញឱ្យសាធារណៈជន បានដឹងពីផលិតផលមួយចំនួន ដែលខ្មែរយើងអាចផលិតបាន និង មានគុណភាពមិនចាញ់ផលិតផលបរទេសនោះទេ»។
ជាមួយគ្នានេះដែរ កញ្ញា ប៊ុន សៀង តំណាងភូមិកសិកម្មធម្មជាតិ ឱ្យដឹង ថា សាធារណៈជនជាច្រើនតែងតែមានការភ្ញាក់ផ្អើល នៅពេល ដែលចូលរួមតាំងពិព័រណ៍ផលិតផលខ្មែរ នៅពេលមានព្រឹត្តការណ៍ ជាតិសំខាន់ៗនានា ដោយសារតែគាត់ទើបតែបានដឹងថា មានផលិត បន្លែ ផ្លែឈើមួយចំនួន មានដាំដុះនៅកម្ពុជា និងជាដំណាំសរីរាង្គ។
កញ្ញាបានប្រាប់ថា ៖ «យើងតែងតែប្រើប្រាស់ព្រឹត្តការណ៍នានា ដូចជា បុណ្យទន្លេនេះជាដើម ដើម្បីផ្សព្វផ្សាយពីសមិទ្ធផល ដែលយើង សម្រេច បាន លើការដាំដុះបន្លែផ្លែឈើ ដែលមានគុណភាព សុវត្ថិភាព និងរសជាតិឆ្ងាញ់ សំដៅធ្វើយ៉ាងណា ឱ្យពលរដ្ឋយើងមានការយល់ដឹង និងគាំទ្រផលិតផលដាំដុះក្នុងស្រុកឱ្យបានជាអតិបរមា»។
សូមជម្រាបថា ពិធីបុណ្យទន្លលើកទី៧ គ្រោងធ្វើឡើងនៅខេត្តកំពង់ធំ នាថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការអប់រំ ផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន ផលិតផលខ្មែរ និងការរស់នៅរបស់ប្រជាជន នៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម៕
ដោយ៖វណ្ណ សុជាតា