សង្រ្គាមនៅអ៊ុយក្រែន៖ អាមេរិករកការគាំទ្រពីសម្ព័ន្ធមិត្តលើការដាក់ទណ្ឌកម្ម លើចិនប្រសិនបើប្រទេសនេះផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី
អាមេរិក៖ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយដោយស្រង់សម្ដី មន្ត្រី អាមេរិកបួននាក់ និងប្រភពមិនបញ្ចេញឈ្មោះផ្សេងទៀត ដែល អះអាងថា សហរដ្ឋអាមេរិកកំពុងស្ដាប់មតិពីសម្ព័ន្ធមិត្តជិតស្និទ្ធអំពី លទ្ធភាព នៃការដាក់ទណ្ឌកម្មលើប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង ហ៊ានផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ ក្នុង សង្រ្គាម នៅអ៊ុយក្រែន។
ការពិគ្រោះយោបល់គ្នា ដែលស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ នាពេលនេះ មានបំណងបង្រួបបង្រួមការគាំទ្រពីប្រទេសជាច្រើន ជាពិសេសក្រុមប្រទេសអ្នកមានទាំង៧(G7) ដើម្បីសម្របសម្រួល ការគាំទ្រលើទណ្ឌកម្មដែលអាចដាក់ចេញ។ បើតាមរ៉យទ័រ គេមិនទាន់ ច្បាស់លាស់នៅឡើយទេ ថាតើទណ្ឌកម្មជាក់លាក់ណាដែលក្រុង វ៉ាស៊ីនតោន នឹងស្នើឡើង ខណៈកិច្ចពិភាក្សាជុំវិញបញ្ហានេះ ក៏មិនត្រូវ បាន បើកបង្ហាញ។
ស្របពេលព័ត៌មានលម្អិតក៏មិនទាន់ចេញ សេតវិមាន និងក្រសួ ង រតនាគារ សហរដ្ឋអាមេរិក ដែលជាអ្នកនាំមុខគេក្នុងការដាក់ទណ្ឌកម្ម បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងបន្ទាប់ពី សហ រដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានអះអាងក្នុងរយៈពេល ប៉ុន្មាន សប្ដាហ៍ថ្មីៗនេះថា ខ្លួនមានភស្តុតាងច្បាស់លាស់ថា ចិនកំពុង ពិចារណាលើការផ្ដល់អាវុធទៅឱ្យរុស្ស៊ី និងបានផ្ដល់បរិក្ខារមិន បង្កគ្រោះថ្នាក់ដល់ជីវិតជាជំនួយរួចស្រេចហើយ។
ចិនបានបដិសេធចំពោះការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ហើយ ថា អាមេរិកដែលផ្ដល់អាវុធឱ្យអ៊ុយក្រែន គ្មានឋានៈអ្វីទៅបញ្ជាចិន នោះ ទេ។
ទោះជាយ៉ាងណាក៏ដោយ លោកខាងលិចជាពិសេសសហរដ្ឋអាមេរិក បានដំឡើងការព្រមានរបស់ខ្លួនម្ដងហើយម្ដងទៀតប្រឆាំងនឹងចិន ដោយលើកឡើងថា ចិននឹងរងនូវផលវិបាកដែលខ្លួនមិនចង់ជួប ឬការ ខូចខាតពិតប្រាកដ ប្រសិនបើហ៊ានផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីមែន។
ជំហានដំបូងរបស់រដ្ឋបាលបៃដិន ក្នុងការប្រឆាំងនឹងការគាំទ្ររបស់ ចិនចំពោះរុស្ស៊ី រួមមានការបញ្ជ្រាបព័ត៌មានក្រៅផ្លូវការនៅ កម្រិត បុគ្គលិក និងការទូត រួមទាំងនាយកដ្ឋានរតនាគារ។
ប្រភពបានប្រាប់រ៉យទ័របន្តថា ក្រុមមន្ត្រីកំពុងដាក់មូលដ្ឋានគ្រឹះលើ សកម្មភាព ដ៏មានសក្តានុពលប្រឆាំងនឹងទីក្រុងប៉េកាំង ជាមួយនឹង ក្រុមស្នូលនៃប្រទេសដែលគាំទ្រខ្លាំងលើទណ្ឌកម្មលើរុស្ស៊ី ក្រោយការ ឈ្លានពានអ៊ុយក្រែន។
រឿងគួរឱ្យគត់សម្គាល់មួយគឺថា មានប្រភពមន្រ្តីម្នាក់ពីប្រទេស មួយ ដែលប្រឹក្សាជាមួយសហរដ្ឋអាមេរិក បានអះអាងប្រាប់រ៉យទ័រថា ខ្លួន បានឃើញតែព័ត៌មានស៊ើបការណ៍សម្ងាត់តិចតួចប៉ុណ្ណោះ ដែលជា មូលដ្ឋាន លើការអះអាងអំពីចិន ដែលថាប្រទេសនេះកំពុងពិចារណា ផ្ដល់ជំនួយយោធាដល់រុស្ស៊ី។ ទោះជាយ៉ាងនេះក្តី មន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងថា អាមេរិកកំពុងផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់លម្អិត ដល់សម្ព័ន្ធមិត្ត។
តួនាទីរបស់ចិនក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី រំពឹងថានឹង ស្ថិតក្នុងប្រធានបទមួយពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជួបជាមួយអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សុលហ្ស៍ នៅសេតវិមាននា ថ្ងៃ សុក្រនេះ។ កាលពីសប្តាហ៍មុន ចិនបានចេញការប្រកាសមួយ ដែល អំពាវនាវឲ្យមានបទឈប់បាញ់ទូលំទូលាយ ដែលនៅតែមានមន្ទិល សង្ស័យពីចេតនា និងសកម្មភាពរបស់ចិនក្នុងទស្សនរបស់លោក ខាង លិច។
ប៉ុន្តែក្នុងការព្រមានជាសាធារណៈជាក់លាក់បំផុតអំពីបញ្ហានេះទៅកាន់ទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អែនថូនី ប្ល៊ីងកែន បានគូសបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសកាហ្សាក់ស្ថាននៅសប្ដាហ៍នេះថា ការផ្ដល់អាវុធឱ្យរុស្ស៊ីនឹងធ្វើចិន ដែលកំពុងតាំង ខ្លួនជាអ្នកសម្របសម្រួលរកសន្តិភាពនៅអ៊ុយក្រែន មានបញ្ហាធ្ងន់ធ្ងរ នៅជុំវិញពិភពលោក។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ចិនមិនអាចមាន វិធី២នេះទេ ពេលនិយាយពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន»។ លោកបន្តថា ប្រទេសនេះមិនអាចដាក់សំណើសន្តិភាពទៅឱ្យ អ៊ុយក្រែន ខណៈចាក់ភ្លើងសង្រ្គាមបន្ថែមឱ្យរុស្ស៊ីតាមរយៈ ការផ្ដល់ អាវុធនោះទេ។
ប្រភពម្នាក់ប្រាប់រ៉យទ័រថា ការបញ្ជ្រាបព័ត៌មានដំបូងរបស់ រដ្ឋបាល បៃដិន ស្តីពីទណ្ឌកម្មមិនទាន់សម្រេចបានលើការព្រមព្រៀង ទូលំ ទូលាយលើវិធានការជាក់លាក់ណាមួយនៅឡើយនោះទេ។
នាពេលនេះ សង្រ្គាមនៅអ៊ុយក្រែនកំពុងតែបន្តអូសបន្លាយ ខណៈ ដែលមានសេចក្ដីរាយការណ៍ថា រុស្ស៊ីខ្វះអាវុធសំខាន់ៗដើម្បីយក ទៅ វាយប្រហារអ៊ុយក្រែនជាយុទ្ធសាស្រ្ត។ ការនេះហើយ ទើបអ៊ុយក្រែន និងសម្ព័ន្ធព្រួយបារម្ភថា ការផ្គត់ផ្គង់អាវុធពីចិន នឹងធ្វើឱ្យរុស្ស៊ីទទួល ប្រយោជន៍ ហើយមានប្រៀបក្នុងសង្រ្គាម។
ប្រភពបានលើកឡើងថា ជាផ្នែកមួយនៃការជំរុញផ្នែកការទូតដែល ពាក់ព័ន្ធ ទីក្រុងវ៉ាស៊ីនតោនទទួលបានជោគជ័យពីក្នុងចំណោមនៃ ប្រទេស G7 ដែលចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ២៤ កុម្ភៈ កន្លងទៅ ដោយអំពាវនាវឱ្យ «ប្រទេសទី៣» ឱ្យបញ្ឈប់ការផ្តល់ ជំនួយសម្ភារៈដល់រុស្ស៊ីយកទៅធ្វើសង្រ្គាម បើមិនអញ្ចឹងទេ ប្រទេស ទាំងនោះនឹងត្រូវប្រឈមមុខនឹងការខូតខាតធ្ងន់ធ្ងរ។ ទោះបីជាសេចក្តីថ្លែងការណ៍នោះមិនបានហៅឈ្មោះចិនចំៗក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងក្រុមហ៊ុនដែល រងការចោទប្រកាន់ថាបានជួយរុស្ស៊ីឱ្យគេចចេញពីរបាំងនៃទណ្ឌកម្ម។ វិធានការនោះរួមបញ្ចូលទាំងការទប់ស្កាត់ការនាំចេញទៅលើក្រុមហ៊ុនក្នុងប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនឹងរារាំងក្រុមហ៊ុន ទាំង នោះមិនឱ្យទិញទំនិញដូចជាបន្ទះឈីបជាដើម។
អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា លោក Daniel Kritenbrink បានប្រាប់សភានាពេលថ្មីៗនេះថា៖ «យើងបាន ព្យាយាម ផ្តល់សញ្ញាយ៉ាងច្បាស់ ទាំងដោយផ្ទាល់នៅទីក្រុងម៉ុយនិក និងជាសាធារណៈក្រោយមកទៀត ពីការព្រួយបារម្ភរបស់យើង»។ នេះបើតាមការស្រង់សម្ដីរបស់រ៉យទ័រ។ លោកបន្តថា៖ «យើងបាន និយាយអំពីផលប៉ះពាល់ និងផលវិបាក ប្រសិនបើពួកគេធ្វើដូច្នេះ។ ហើយយើងក៏ដឹងដែរថា ដៃគូដែលមានគំនិតដូចគ្នារបស់យើង ជាច្រើន មានកង្វល់ទាំងនោះរួមគ្នា»។
គួរបញ្ជាក់ថា មានបញ្ហាជាច្រើនដែលអាមេរិកត្រូវប្រឈមមុខ ក្នុងការ ដាក់ទណ្ឌកម្មលើចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២របស់ ពិភព លោក ដែលនោះគឺការស្រុះស្រួលគ្នាដ៏ហ្មត់ចត់ជាមួយបណ្តា ប្រទេស សេដ្ឋកិច្ចធំៗនៃទ្វីបអឺរ៉ុប និងអាស៊ី ដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចចរចា។ សម្ព័ន្ធមិត្តអាមេរិកផ្សេងៗ រាប់តាំងពីអាល្លឺម៉ង់ រហូតដល់កូរ៉េខាងត្បូង ប្រហែលជាពិបាកក្នុងការផ្ដាច់ខ្លួនពីចិន៕
ដោយ៖ហួន ឌីណា