សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿនចុះអនុស្សរណៈដើម្បីឱ្យតម្លៃនៃការដឹកជញ្ជូនអ្នកដំណើរកាន់តែប្រសើរ
ភ្នំពេញ៖សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា (CAMBA) និង ក្រុមហ៊ុន ផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd ) នៅថ្ងៃទី២ ខែមិនា បានចុះហត្ថលេខាលើអនុស្សរណៈ យោគ យល់គ្នា ដើម្បីពិភាក្សាថ្លៃសេវាលើផ្លូវល្បឿនលឿន សម្រាប់ រថយន្ត ដឹកអ្នកដំណើរ ក៏ដូចជា ការបញ្ចុះតម្លៃសេវាដែលរត់លើផ្លូវ ល្បឿន លឿន និងជំរុញឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនកាន់តែ ច្រើនជាងមុន។
ថ្លែងនៅក្នុងកម្មវិធីខាងលើនេះទេសរដ្ឋមន្រ្តី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការចុះ អនុស្សរណៈ យោគយល់នេះ គឺដើម្បីធ្វើយ៉ាងណាឱ្យខាងភាគី ក្រុម ហ៊ុន ផ្លូវល្បឿនលឿន និងសមាគមដឹកជញ្ជូនអ្នកដំណើរឈ្នះទាំង អស់គ្នា ដោយពិភាក្សាក្នុងការបញ្ចុះតម្លៃនូវរថយន្តដែលបានរត់ លើ ផ្លូវល្បឿនលឿននេះជាប្រចាំថ្ងៃនោះ។
ឯកឧត្តមបានថ្លែងអំណរគុណដល់ CAMBA ខិតខំចរចាឱ្យបានជោគ ជ័យនៅថ្ងៃនេះ។ ដូចនេះទៅថ្ងៃក្រោយនៅពេលដែអ្នកដំណើរធ្វើដំណើរ ទៅក្រុងព្រះសីហនុ អាចធ្វើដំណើរតាមរថយន្តក្រុងធំៗ អាចធ្វើ ដំណើរ តាមផ្លូវល្បឿនលឿនបាន។ឯកឧត្តមសង្ឃឹមថា ថ្ងៃក្រោយយើងអាច ធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត មិនត្រឹមតែក្រុមហ៊ុន ដឹក អ្នកដំណើរនោះទេ ក្រុមហ៊ុនរថយន្តដឹកទំនិញធំៗ អាចនឹងមានការ ចរចា ជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីរកនីតិវិធីកាត់បន្ថយ កម្រៃយ៉ាងណាខ្លះដែលអាចឱ្យភាគីទាំងពីរទទួលយកបាន»។
ឯកឧត្តមបានបន្ថែមថា ការចរចារគ្នារហូតឈានដល់ការចុះ អនុស្សរណៈយោគយល់គ្នានេះ គឺពិតជាល្អក្នុងការលើកលែង និង អធ្យាស្រ័យចំពោះគ្នា និងគ្នា ខណៈក្រុមហ៊ុនដឹកជញ្ជូនអ្នក ដំណើរ បានធ្វើដំណើរក្នុងមួយថ្ងៃៗរាប់រយគ្រឿងនោះ។
លើសពីនេះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ CAMBA ទិញរថយន្ត ក្រុងប្រើដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ដោយក្រសួងអាចនឹងជួយសម្របសម្រួលបន្ថែមជាមួយខាងក្រុមហ៊ុនផ្លូវល្បឿនលឿន លើការបញ្ចុះតម្លៃនៅពេលធ្វើដំណើរតាមផ្លូវ ល្បឿន លឿន។
លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវ គោក កម្ពុជា បានថ្លែងថា តាមរយៈអនុស្សរណៈ នេះ ក្រុមហ៊ុន ផ្លូវល្បឿន លឿនបានបញ្ចុះតម្លៃសេវាដែលរត់លើផ្លូវល្បឿនលឿននេះតាមប្រភេទផ្សេងៗគ្នា ដោយក្នុងនោះរថយន្តប្រភេទB+Cពី៣០ដល់១០០ជើង ក្នុង មួយថ្ងៃបញ្ចុះតម្លៃ២៥ភាគរយ , រថយន្តប្រភេទB+Cពីរ១០១ គ្រឿង ឡើងទៅក្នុងមួយថ្ងៃបញ្ចុះតម្លៃ ៣០ភាគរយ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ដោយឡែកសម្រាប់រថយន្តដែល ខូច តាម ផ្លូវ ក្រុមហ៊ុនផ្លូវល្បឿនលឿនក៏បានបញ្ចុះតម្លៃផងដែរ ដោយក្នុងនោះ រថយន្តប្រភេទ B+Cពី៣០ដល់១០០ជើងក្នុងមួយថ្ងៃ បញ្ចុះតម្លៃ ២៥ភាគរយ, រថយន្តប្រភេទ B+Cពីរ១០១គ្រឿងឡើងទៅក្នុង មួយ ថ្ងៃបញ្ចុះតម្លៃ ៣០ភាគរយ។
យានយន្តសមាជិកសមាគមត្រូវមានក្នុងប្រព័ន្ធETC រថយន្តចាប់ ពី២០គ្រឿងទៅ ហ្វ្រីដុំETCត្រូវមានលុយ១០០ដុល្លារក្នុងធនាគារ។ចំណែកប្រភេទរថយន្តEV ខាងសមាគម និងក្រុមហ៊ុន នឹងពិភាក្សាគ្នា នៅពេលក្រោយ»។
បើតាមក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd ) ចាប់តាំងពីបើកដំណើរការមក មានរថយន្តប្រមាណជាងមួយលានគ្រឿងហើយដែលបានធ្វើដំណើរកាត់ផ្លូវល្បឿនលឿនទៅមកភ្នំពេញ-ខេត្តព្រះសីហនុ និងមានរថយន្ត ប្រមាណ១៧ ០០០គ្រឿង ដែលបានបំពាក់ដុំ ETC ។
ក្រុមហ៊ុនសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាជនខ្មែរ ចំពោះ ការ បើកបរលើផ្លូវល្បឿនលឿន មានភាពល្អប្រសើរច្រើនជាង កាលបើក ដំណើរការដំបូងៗ។
ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មក ដល់ ថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លង កាត់ លើផ្លូវ ល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបាន សរុបជិត ១១លានដុល្លារអាមេរិក៕
ដោយ៖វណ្ណ សុជាតា