ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីប្រើភ្លេងពិណពាទ្យ
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ និង សំណេះសំណាល ពិសារអាហារសាមគ្គី ជាមួយសិល្បករ សិល្បកា រិនី ជាង ៤ ០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីប្រើភ្លេងពិណពាទ្យ និង ជួយ បំពាក់ឧបករណ៍ភ្លេងពិណពាទ្យ នៅតាមទីអារាម។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះព្រះតេជគុណ ព្រះសង្ឃ គ្រប់ ព្រះអង្គ ព្រះចៅអធិការវត្ដ ក៏ដូចជាគណៈកម្មការអាចារ្យវត្ដ បង្កើន ការយកចិត្ដទុកដាក់ ទាក់ទាញការចូលជួយឧបត្ថម្ភ ពី សប្បុរស ជន ពុទ្ធបរិស័ទ ចំណុះជើងវត្ដ ឬក៏អ្នកមានធនធាន ដើម្បីឱ្យ ទីអារាម ទាំង នោះ មានភ្លេងពិណពាទ្យ។

សម្ដេចតេជោ បានលើកឡើងថា ភ្លេងពិណពាទ្យភាគច្រើន គឺទុក នៅទីអារាម ដូច្នេះយើងគួរតែត្រូវលើកទឹកចិត្ដ ដល់ពុទ្ធបរិស័ទរបស់ យើង ជួយទៅដល់ព្រះសង្ឃ ដើម្បីទីអារាមរបស់យើង មាននូវភ្លេង ពិណពាទ្យ។ សម្ដេចតេជោបន្ថែមថា ឥលូវនេះ ភ្លេងពិណពាទ្យ មាន ប្រមាណជាងបួនពាន់ទីអារាម បើសិនជាយើងមាន ត្រឹមតែ៥០ ភាគរយ ក៏យើងមានពីរពាន់វង់ភ្លេងពិណពាទ្យ ដោយក្នុងមួយវង់ ៦-៧នាក់ ហើយយើងបណ្ដុះបណ្ដាលជាមួយកុមារ ឬក៏យុវជន ឬក៏អ្នកដែលកាន់នូវភ្លេងពិណពាទ្យនេះ ដែលនោះ គឺជាការ ថែរមរតកដូនតារបស់យើង។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្លេងពិណពាទ្យ មិនសូវ មាន អ្នកដាក់បង្ហាញនោះទេ។ ដូច្នេះអាចដាក់នៅតាមសាលាវិចិត្រ សិល្បៈ នានា ប៉ុន្ដែប្រហែលជាវត្ដអារាម មានច្រើនជាងគេ ហើយ សម្ដេចតេជោ ក៏ណែនាំឱ្យបង្កើនការយកចិត្ដទុកដាក់ផងដែរ។ សម្ដេច តេជោបន្ថែមទៀតថា យើងក៏មានភ្លេងឆៃយ៉ាំ នៅតាមទីអារាម តែមិន ជា ច្រើនហួសហេតុពេកទេ ក៏ប៉ុន្ដែយ៉ាងហោចណាស់ ក៏មានពីរ ចំណែក នេះ ដែលទីអារាម អាចចូលរួមចំណែក ជួយទៅដល់ការ អភិរក្ស នៃវង់ភ្លេងបុរាណរបស់យើង ចំពោះភ្លេងពិណពាទ្យ និងឆៃយ៉ាំ ។ ភ្លេងពិណពាទ្យនេះ មិនមែនមានតម្រូវការ តែនៅទីអារាមនោះទេ គឺមានតម្រូវការនៅពេលបុណ្យទាន ទាំងបុណ្យសព ទាំងបុណ្យ បច្ច័យបួន ឬក៏បុណ្យទានផ្សេងៗ នៅតាមគេហដ្ឋានផ្សេងៗផងដែរ ដែលប្រជាពលរដ្ឋអាចទៅខ្ចី ឬក៏ព្រះសង្ឃ អាចចូលរួមចំណែក ជួយ ដល់ប្រជាពលរដ្ឋ ប្រើប្រាស់ភ្លេងពិណពាទ្យ ជំនួសឱ្យចាក់ភ្លេង ពិណពាទ្យ ៕ ដោយ៖ វណ្ណលុក
