ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យបញ្ឈប់ការទាមទារជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេសដែលមានវប្បធម៌ស្រដៀងគ្នា ដើម្បីសម្របសម្រួលជាមួយប្រទេសជិតខាង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ស្នើ ឱ្យបញ្ឈប់ការទាមទារជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាង ប្រទេសដែលមានវប្បធម៌ស្រដៀងគ្នា ដើម្បីសម្របសម្រួលជាមួយ ប្រទេសជិតខាង ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៍ដូចនេះ ក្នុងពិធីអបអរ សាទរទិវាវប្បធម៌ជាតិ ៣មិនា លើកទី២៥ និងសំណេះសំណាល ពិសារអាហារសាមគ្គី ជាមួយសិល្បករ សិល្បការិនី ជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និ បាតកោះពេជ្រ នាល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឱ្យបញ្ឈប់ការ ទាមទារ ជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេស ដែលមានវប្បធម៌ស្រដៀងគ្នា ដោយសម្ដេច បានណែនាំឱ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការងារលើរឿងនេះ ដើម្បីសម្រប សម្រួលជាមួយប្រទេសជិតខាង។

សម្ដេច ក៏បានលើកឡើងពីករណីពាក់ព័ន្ធបញ្ហា «គុនខ្មែរ និងមួយថៃ» ដែលកម្ពុជា និងថៃ បានជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗ ខ្លួន ដោយសម្តេចបញ្ជាក់ថា ប្រដាល់នេះ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សុទ្ធតែមានដូចគ្នា ។ដូច្នេះអាចគួរមានការពិភាក្សាគ្នា ដើម្បីរកចំណុ ចរួមមួយ។

សម្ដេចបន្តថា៖ រឿងនេះ វាជារឿងដែលមិនគួរចិញ្ចឹមទំនាស់នោះទេ។ បញ្ហាប្រដាល់ខ្មែរ ហៅ គុនខ្មែរ ,ថៃហៅ មួយថៃ ឡាវក៏មាន មីយ៉ាន់ម៉ា ក៏មានរបស់គេ។ តើយើងអាចពិភាក្សាសម្រុះសម្រួលគ្នា ចុះបញ្ជីកីឡា នេះទាំងអស់គ្នាបានទេ។ នៅប្រទេសណា គឺដាក់ឈ្មោះរបស់ប្រទេស នោះទៅ ពេលមកប្រកួតស៊ីហ្គេមនៅកម្ពុជា យើងដាក់ថា គុនខ្មែរ ពេលស៊ីហ្គេមនៅថៃយើង ហៅថា មួយថៃ។ បើស៊ីហ្គេមនៅឡាវ យើងអាចហៅថា គុនឡាវអីចឹងទៅ។

សម្តេចតេជោ បន្ថែមថា យើងអាចធ្វើបានទេ ប្រសិនបើធ្វើការសម្រុះ សម្រួល ហើយយើងពិតជាមិនចាំបាច់ទាស់គ្នា ដណ្ដើមគ្នាធ្វើជា កម្មសិទ្ធិ ម្ចាស់នោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការងារលើរឿងនេះ ដើម្បីសម្របសម្រួល ជាមួយប្រទេសជិតខាង ។ សម្ដេច រំពឹងថា គំនិតផ្តួចផ្តើមនេះ មេដឹកនាំថៃ និងឡាវ ដែលមានសម្បត្តិវប្បធម៌ស្រដៀងនឹងកម្ពុជា អាចពិចារណា ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner