ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាព្រួយបារម្ភខ្លាំង ចំពោះការកាត់បន្ថយជំនួយស្បៀងអាហារ
ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបាននិងកំពុងសម្តែងនូវការព្រួយបារម្ភខ្លាំង ចំពោះការកាត់បន្ថយជំនួយស្បៀងអាហារ របស់កម្មវិធីស្បៀងអាហារពិភពលោក។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅប្រទេសបង់ក្លាដែស បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ពួកគេកំពុងតស៊ូដើម្បីរស់រានមានជីវិត បន្ទាប់ពីអង្គការសហប្រជាជាតិកាត់បន្ថយជំនួយស្បៀងរបស់ពួកគេ ដោយសារតែគម្លាតថវិកាដ៏ធំ។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានប្រកាសថា បន្ទាប់ពីមានការខ្វះខាតថវិកា ចំនួន១២៥លានដុល្លារ ហើយប័ណ្ណអាហារប្រចាំខែ ត្រូវបានកាត់បន្ថយពី ១២ ដុល្លារ ទៅ ១០ដុល្លារ ក្នុងមនុស្សម្នាក់ ចាប់ពីខែមីនាមក។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានប្រកាសដោយព្រមានថា ការកាត់បន្ថយបន្ថែមទៀត គឺ “ជិតមកដល់” ដោយគ្មានការចាក់បញ្ចូលសាច់ប្រាក់ភ្លាមៗ។

ការធ្លាក់ចុះនេះបានបង្កឱ្យមានការលំបាករួចទៅហើយ ក្នុងចំណោមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រហែលមួយលាននាក់ដែលរស់នៅក្នុងជំរុំចង្អៀតរបស់ប្រទេសបង់ក្លាដែស ជាកន្លែងដែលពួកគេពឹងផ្អែកលើជំនួយ ហើយកង្វះអាហារូបត្ថម្ភកំពុងរីករាលដាលរួចទៅហើយ។
ជនភៀសខ្លួន ឈ្មោះថា រ៉ាហេឡា បេហ្គាម (Rahela Begum) អាយុ ៤០ ឆ្នាំ ដែលកូនប្រុសរបស់លោកមានជំងឺ និងកង្វះអាហារូបត្ថម្ភបាននិយាយថា “យើងមិនមានប្រាក់ចំណូលណាមួយទេ ហើយរបបអាហារត្រូវបានកាត់បន្ថយ”….គាត់មិនបានញ៉ាំបាយ ឬអាហារផ្សេងទេ តែញ៉ាំតែក្រែមដែលមានជីវជាតិប៉ុណ្ណោះ គេបានឈប់ផ្តល់ក្រែមគ្រាប់ ហើយខ្ញុំមិនដឹងថាគាត់នឹងនៅរស់ទេ»។
នេះជាលើកទីមួយហើយ ដែលជំនួយត្រូវបានដកហូតមកវិញ ចាប់តាំងពីជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៧៥០០០០ នាក់បានភៀសខ្លួនឆ្លងព្រំដែន ក្នុងអំឡុងពេលការបង្រ្កាបឆ្នាំ ២០១៧ ដោយយោធាមីយ៉ាន់ម៉ា ដែលឥឡូវនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ។
ប្រទេស បង់ក្លាដែស តស៊ូក្នុងការគាំទ្រចំនួនជនភៀសខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ចាប់តាំងពីពេលនោះមក ជាមួយនឹងការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ហាក់គ្មានសញ្ញា៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត