កម្មវិធីលើកដំបូងគេនៅកម្ពុជា «វិថីហិរញ្ញវត្ថុ ឬ Financial Street» ជាបុត្រសម្ព័ន្ធរបស់AMSត្រូវបានសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ
ភ្នំពេញ ៖ កម្មវិធីលើកដំបូងគេនៅកម្ពុជា «វិថីហិរញ្ញវត្ថុ ឬ Financial Street» ជាបុត្រសម្ព័ន្ធរបស់ AMS ត្រូវបានសម្ពោធដំណើរការ ផ្សព្វផ្សាយជាផ្លូវការ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ដែល កម្មវិធីនេះ មានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញវត្ថុ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋពីប្រព័ន្ធហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ។
អ្នកស្រី នុត រដ្ឋា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) បានមានប្រសាសន៍ថា AMS គឺជាស្ថាប័នផ្សព្វផ្សាយ ដែល មានទស្សនៈវិស័យវែងឆ្ងាយ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយ ជាបណ្តាញ ផ្សព្វផ្សាយព័ត៌មានដ៏មានសក្ដានុពលក្នុងការបង្កើត និងផ្សព្វផ្សាយ នូវមាតិកាព័ត៌មានធំទូលំទូលាយ សម្បូរបែប និងមានប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ទាំងនៅក្នុង និងនៅក្រៅប្រទេស និងនៅលើពិភពលោក។
លោកស្រីបានបន្តថា ៖ ចក្ខុវិស័យសំខាន់របស់ AMS គឺផ្តល់នូវ ព័ត៌មាន ដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និង សាធារណជនទូទៅទាំងក្នុងប្រទេស និងក្នុងតំបន់តាមរយៈ ប្រព័ន្ធ ផ្សព្វផ្សាយនវានុវត្ត និងការប្រើប្រាស់ធនធានស្ថាប័នប្រកប ដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជនមានភាពរីកចម្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ក្រោមមូលបទស្នូល គុណភាព ភាពស្មោះត្រង់ ទុកចិត្តបានព្រម សីលធ ម៌វិជ្ជាជីវៈ ប្ដេជ្ញាចិត្ត ច្នៃប្រតិដ្ឋ និងសហការដើម្បីឧត្តម ប្រយោជន៍ រួម។
អ្នកស្រី នុត រដ្ឋា ក៏បានបញ្ជាក់ផងដែរថា ស្របនឹងមូលបទខាងលើ និងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលវិស័យហិរញ្ញវត្ថុជាឆ្អឹង ខ្នងយ៉ាងសំខាន់នោះ AMS បានសហការរួមគ្នាជាមួយសមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធនាគារនៃកម្ពុជា (ABC) និង ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) និងក្រោមការ គាំទ្រ យ៉ាង ខ្ពង់ខ្ពស់ពីធនាគារជាតិនៃកម្ពុជា (NBC) ផលិតកម្មវិធីមួយ ឈ្មោះថា «វិថីហិរញ្ញវត្ថុ» (Financial Street) ក្នុងគោលបំណង ជំរុញ ការផ្សព្វផ្សាយពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុទៅកាន់សាធារណជន ឱ្យកាន់តែទូលំទូលាយ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា បានមានប្រសាសន៍ថា ៖ កម្មវិធី “វិថីហិរញ្ញវត្ថុ-Financial Street” នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការលើកកម្ពស់ ចំណេះ ដឹងហិរញ្ញវត្ថុដល់សាធារណៈជន សំដៅពង្រឹងបរិយាបន្ន ហិរញ្ញវត្ថុ នៅកម្ពុជា»។
លោកបន្តថា ជាការពិត ចំណេះដឹងហិរញ្ញវត្ថុគឺពិតជាមាន សារៈសំខាន់ ខ្លាំងណាស់ ដែលអនុញ្ញាតឱ្យយើងមានសមត្ថភាព ក្នុងការចេះ គ្រប់ គ្រងចាត់ចែងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ មាន ប្រសិទ្ធភាព និងរួចផុតពីបំណុលច្រើនលើសលុប ។
លោក សុខ វឿន បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយ មក នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសធនាគារ ជាតិ នៃ កម្ពុជា លើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដើម្បី ចូលរួមលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ លោក ហេង បូមករា អគ្គនាយករងនៃអគ្គនាយ កដ្ឋាន ត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា តាងនាមឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កម្មវិធី «វិថីហិរញ្ញវត្ថុ» ដែលបង្កើតឡើងដោយក្រុមហ៊ុន AMS ពិតជាមាន សារសំខាន់ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញវត្ថុ និងបញ្ជ្រាបការយល់ ដឹងដល់ប្រជាពលរដ្ឋពីប្រព័ន្ធហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។
លោកបានបន្តថា ៖ «តាមរយៈកម្មវិធី «វិថីហិរញ្ញវត្ថុ» ដែលមានការ ចូលរួមគាំទ្រដោយសមាគមមីក្រូហិរញ្ញវត្ថុ, សមាគមធនាគានៅ កម្ពុជា, ក្រុមហ៊ុន ប្យួរ៉ូ (ខេមបូឌា) រួមជាមួយនឹងធនាគារជាតិ នៃកម្ពុជា លោកជឿជាក់ថានឹងក្លាយជាមធ្យោបាយដ៏ល្អ និងមាន ប្រសិទ្ធ ភាព មានវិសាលភាពទូលាយក្នុងការផ្សព្វផ្សាយពីចំណេះដឹង ហិរញ្ញវត្ថុតាមរយៈបណ្តាញផ្សព្វផ្សាយឌីជីថលនេះ ជាពិសេសផ្តល់ នូវការយល់ដឹងកាន់តែច្បាស់ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាឥណទានដែលស្របច្បាប់ និងទទួលបានអត្ថបទប្រយោជន៍ខ្ពស់» ៕ ដោយ៖ គ្រី សម្បត្តិ