មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលើកទឹកចិត្តការពង្រឹងសមត្ថភាពនិងការផ្សព្វផ្សាយទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី នៅតាមតំបន់ការពារ ធម្មជាតិ
កោះកុង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន លើកទឹកចិត្តដល់មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កោះកុង និងកំពង់ស្ពឺ ដែលមានភូមិសាស្រ្តក្នុងឧទ្យានជាតិជួរភ្នំក្រវាញ កណ្តាល បន្តពង្រឹងសមត្ថភាព ឱ្យឆ្លើយតបសមស្របទៅនឹងបរិបទ សង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើក ទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ របស់គម្រោងអភិរក្ស ឧទ្យានជាតិ ជួរភ្នំក្រវាញ កណ្តាល ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣។

ឯកឧត្តម បានបន្ថែមថា កន្លងមកក្រសួងបរិស្ថានបានយកចិត្ត ទុក ដាក់ក្នុងការផ្តល់ជាសម្ភារល្បាត មធ្យោបាយធ្វើដំណើរ វគ្គបណ្តុះ បណ្តាលជំនាញ បច្ចេកទេសល្បាត ចំណេះដឹងច្បាប់តំបន់ការពារ ធម្មជាតិ នីតិវិធីនៃការចាប់និងកសាងសំណុំរឿង កម្មវិធី SMART និងការប្រើប្រាស់ GPS ដើម្បីបំរើឱ្យការអនុវត្តការងារគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ ការពង្រឹង សមត្ថភាព ជំនាញ វិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី រួមចំណែក សំខាន់ថែមទៀតក្នុងការងារគ្រប់គ្រងធធានធម្មជាតិនិងបរិស្ថានជាតិ ក៏ដូចជាឆ្លើយតបនឹងនិន្នាការសកល ដើម្បីរក្សាបាននូវភាពសម្បូរបែប នៃធនធានធម្មជាតិ និងជីវៈចម្រុះ មុខងារសេវាកម្មកម្មប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដោយចីរភាព។

ឯកឧត្តម បានលើកទឹកចិត្តឲ្យបន្តសហការជាមួយស្ថាប័នស្រាវជ្រាវ អង្គការអភិរក្ស និងដៃគូអភិវឌ្ឍន៍ លើការងារសិក្សាស្រាវជ្រាវ និងវាយតម្លៃតាមបែបវិទ្យាសាស្រ្ត លើស្ថានភាពសត្វព្រៃ និងរុក្ខជាតិ ជាពិសេសប្រភេទមានដោយកម្រ ជិតផុតពូជ ងាយរងគ្រោះ និងរងការគំរាមកំហែង នៅក្នុងតំបន់ការពារធម្មជាតិ។

ក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញការងារអប់រំបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាពល រដ្ឋ ចំពោះបរិស្ថាន ជាពិសេសការផ្សព្វផ្សាយ ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី ជាមួយអាជ្ញាធរពាក់ព័ន្ធ ដៃគូសហការ វិស័យឯកជន ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

បន្ថែមពីនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកទឹកចិត្តបន្ថែមទៀតដល់ ការពង្រឹងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ឱ្យក្លាយជាខ្សែក្រវាត់ ការពារ ធនធានធម្មជាតិ និងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន ក្នុងបន្ត បង្កើតជម្រើសនៃការប្រើប្រាស់អនុផលព្រៃឈើ និងជួយសម្រប សម្រួលជំរុញកិច្ចសហការជាមួយវិស័យឯកជន ដើម្បីធានាដំណើរ ការដោយលូននូវច្រវាក់តម្លៃ ពីកសិដ្ឋាន ឬទីតាំងផលិត ដល់អ្នកប្រើ ប្រាស់ ស្របតាមគោលនយោបាយការនាំចេញនៅហ្នឹងកន្លែង សំដៅជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ និងចូលរួមក្នុង ការកាត់បន្ថយសម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ។

សូមបញ្ជាក់ថា ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតនៅក្នុង ភូមិសាស្រ្ត ខេត្តចំនួនបីរួមមាន ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ) ដែលជាទីជម្រកនៃពពួកប្រភេទទទួលរង ការគម្រាមកំហែង និងប្រភេទមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទ ជាតំបន់ដែលរក្សាបានប្រភព ទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹង ទន្លេសាប។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន កំពុងសហការជាមួយភាគីពាក់ព័ន្ធ ក្នុងនោះរដ្ឋបាលទាំង៣ ដើម្បីពង្រីកការងារគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសើរ៕ ដោយ៖ ង៉ាន់ ទិត្យ
