ក្រុមហ៊ុនសំណង់ដ៏ធំរបស់សិង្ហបុរី ត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ

(ភ្នំពេញ)៖ ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរី ស្នើសុំកិច្ចសហការពីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ។

លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD បានស្នើបែបនេះ ទៅកាន់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូនកពលករផ្នែកសំណង់ ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។ ជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលថានេះជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។ ឯកឧត្តមបណ្ឌិត បន្តថា នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងនេះ ក្រសួងផ្ទាល់ក៏មានការផ្តល់នូវការបណ្តុះបណ្តាលជំនាញផ្នែក សំណង់នេះ ដល់ប្រជាពលរដ្ឋ យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពបន្ថែមផងដែរ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។

នាឱកាសនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន បានចែករំលែកនូវព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន ជូនដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។ លោកបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលមានប្រវត្តិយូរមកហើយ និងមានស្តង់ដារខ្ពស់ខាងផ្នែកសំណង់នេះ។ ពាក់ព័ន្ធកិច្ចសហការលើការងារកម្លាំងពលកម្ម នាពេលកន្លងមកកម្ពុជាបានបញ្ជូនស្រ្តីជំនួយការផ្ទះ ទៅសិង្ហបុរី ប្រមាណជាងមួយពាន់នាក់ សង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ៕

ប្រភព ៖ ក្រសួង ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner