អាល្លឺម៉ង់ស្ថិតក្នុងការពិភាក្សា ដើម្បីបើករោងចក្រផលិតរថក្រោះនៅអ៊ុយក្រែន

ប៊ែរឡាំង៖ ក្រុមហ៊ុនផលិតអាវុធ Rheinmetall របស់អាល្លឺម៉ង់ បាននិងកំពុងរៀបចំការពិភាក្សាលើកិច្ចសន្យា ដើម្បីសាងសង់រោងចក្រផលិតរថក្រោះនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុន Rheinmetall នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។

ប្រធានក្រុមហ៊ុន Rheinmetall លោក Armin Papperger បានប្រាប់កាសែត Rheinische Post ថា រោងចក្រ Rheinmetall មួយកន្លែង អាចត្រូវបានសាងសង់នៅក្នុងប្រទេសអ៊ុយក្រែន ដោយចំណាយថវិកាប្រហែល ២០០លានអឺរ៉ូ ឬប្រមាណ២១៣លានដុល្លារ ដើម្បីផលិតរថក្រោះ Panther ដល់ទៅ ៤០០គ្រឿងក្នុងមួយឆ្នាំ។ ទន្ទឹមគ្នា លោករំពឹងថា ការសម្រេចចិត្តលើផែនការនេះទំនងជាត្រូវចំណាយពេលពីរខែ ហើយថា ទីតាំងរោងចក្រនឹងត្រូវបំពាក់ដោយប្រព័ន្ធការពារដែនអាកាស ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។

សូមបញ្ជាក់ថា អ៊ុយក្រែនចង់បានរថក្រោះចន្លោះពី ៦០០ ទៅ ៨០០គ្រឿង ដើម្បីបណ្តេញទាហានរុស្ស៊ីចេញពីប្រទេសខ្លួន ហើយទីក្រុងកៀវចង់ឲ្យពន្លឿនការចែកចាយពួកវាកាន់តែឆាប់រហ័ស។ ទីក្រុងប៊ែរឡាំងបានយល់ព្រមផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 A6s ចំនួន១៨គ្រឿង និងបានអនុម័តការនាំចេញឡើងវិញនូវរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនពីរដ្ឋផ្សេងទៀត រួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ ព័រទុយហ្គាល់ និងប៉ូឡូញ។ ផែនការនេះនឹងមើលឃើញរថក្រោះខ្លារខិនជាង ៣០គ្រឿងដឹកជញ្ជូនទៅកាន់អ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner