ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ត្រូវទុកចិត្តលើសមត្ថភាពនិងចំណេះដឹងផ្ទាល់ខ្លួនជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ព ជើងគោកនិងជាប្រធានអនុគណៈកម្មការជ្រើសរើសនាយទាហានបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយនិងការអរគុណចំពោះបេក្ខជនទាំង អស់ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន ដោយនៅក្នុងសម័យប្រលងជ្រើសរើសឆ្នាំ២០២៣ នេះមានបេក្ខជន ចំនួន ៦.៣៩៩ នាក់ ក្នុងនេះ មាននារីចំនួន ២.៩៩៨ នាក់ ចូលរួមប្រលងប្រជែងនៅតាមមណ្ឌលចំនួនបួនក្នុងរាជធានី ភ្នំពេញដែលនេះគឺជាមោទកភាពដ៏ធំធេងសម្រាប់កងយោធពលខេមរភូមិន្ទក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់ យុវវ័យដែលជាកម្លាំងបន្តវេន។

ទន្ទឹមនឹងនេះឯកឧត្តមឧត្តមសេនីយ៍ឯកបានមានប្រសាសន៍ក្រើនរំឭកដល់បេក្ខជនឱ្យខិតខំយកចិត្តទុកដាក់លើគ្រប់វិញ្ញាសារនៃការប្រលងរួមមាន៖ចំណេះដឹងទូទៅ ភាសា​អង់គ្លេសនិងវិញ្ញាសារកាយសម្បទាដែលទាមទារឱ្យបេក្ខជនបង្ហាញសមត្ថភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន ទៅតាមចំណាត់ថ្នាក់ និងសន្ទស្សន៍នៃចំនួនជ័យលាភីដែលបានកំណត់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ទុកចិត្តលើសមត្ថភាពនិងចំណេះដឹងផ្ទាល់ ខ្លួនជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួនពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហានដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ នាពេលអនាគត។

ក្នុងពេលនេះដែរឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានថ្លែងអំណរគុណដល់អនុគណៈកម្មការរៀបចំការប្រលងជ្រើសរើសនាយទាហានឆ្នាំ២០២៣ សាលារាជធានីភ្នំពេញ និងអាជ្ញាធរ​មានសមត្ថកិច្ចគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវដើម្បីធានាធ្វើយ៉ាងណាឱ្យការប្រលងជ្រើសរើសនាយទាហាននៃកងយោធ​ពលខេមរភូមិន្ទឆ្នាំ២០២៣ អាចដំណើរការដោយសុក្រឹត យុត្តិធម៌ និងជោគជ័យ។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០២៣នេះក្រសួងការពារជាតិបានកំណត់សន្ទស្សន៍នៃការជ្រើសរើសនាយទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០នាក់, នាយទាហានទ័ពជើងគោកជំនាន់​ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន ១៥០នាក់ និង នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន ៣០នាក់៕ ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner