ចិនប្រកាសបង្កើនការចំណាយផ្នែកយោធាដើម្បីទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ

ប៉េកាំង:
ចិនប្រកាសបង្កើនការចំណាយផ្នែកយោធា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ។នេះបើតាមការប្រកាសរបស់មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីសចិន ក្នុងកិច្ចប្រជុំសភានាថ្ងៃទី០៥ខែមីនា ដើម្បីប្រគល់អំណាចស្របច្បាប់ឱ្យលោក ស៊ី ជីនភីង (Xi Jinping )កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី។
មេដឹកនាំចិនទម្លាយថាចិននឹងដំឡើងថវិកាលើវិស័យការពារជាតិ រហូតដល់ចំនួន ១.៥៥ ពាន់ពាន់លានយន់ ឬប្រហាក់ប្រហែលនឹង២២៥ ពាន់លានដុល្លារ។
នាយករដ្ឋមន្ត្រីផុតអាណត្តិលោក លី ខឺឈាង (Li Keqiang) បានប្រាប់គណៈប្រតិភូទៅសភាប្រជាជនចិន(NPC)ថា ការបង្កើនថវិការផ្នែកការពារជាតិនេះធ្វើឡើងដើម្បីឆ្លើយតបនឹងការការកើនឡើងនៃសកម្មភាពពីខាងក្រៅ ដែលកំពុងប្រឆាំងចិន។
លោក មាន ប្រសាសន៍ ថា ៖«កង កម្លាំង ប្រដាប់ អាវុធគ្រប់ប្រភេទ គួរតែ បង្កើន ការ ហ្វឹក ហាត់ យោធានិង ការ ត្រៀម ខ្លួន ជាប់ជានិច្ចដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា។ យោធាចិនត្រូវបង្កើនសកម្មភាពសមយុទ្ធបែបប្រយុទ្ធនៅគ្រប់ទីតាំងទាំងអស់ដែលកំពុងឈរជើង»។

ការដំឡើងការចំណាយលើវិស័យការពារជាតិរបស់ចិននៅឆ្នាំនេះដូចនឹងឆ្នាំមុនៗដែរ។ចិនមិនប្រកាសពីការបែងចែកចំណាយទាំងនោះទៅផ្នែកណាខ្លះនោះទេ ដោយប្រកាសថវិកាជាតិមានតែចំនួនសរុប និងអត្រាកំណើនប៉ុណ្ណោះ។

ប្រទេស ចិន បាន រៀបចំសមយុទ្ធបែបសង្គ្រាម នៅ ជិត កោះ តៃវ៉ាន់ កាលពី ខែសីហា ឆ្នាំ២០២២កន្លងទៅ ដើម្បី សម្តែង ការ ខឹងសម្បារ ចំពោះ ដំណើរ ទស្សនកិច្ចរបស់ប្រធានសភាអាមេរិក អ្នកស្រី ណាន់ស៊ី ផេឡូស៊ី(Nancy Pelosi )ទៅកាន់ តៃវ៉ាន់។

លោក Li Mingjiang សាស្ត្រាចារ្យរងនៅសាលា S Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ការចំណាយលើវិស័យការពារជាតិដែលលើសពីការព្យាករណ៍កំណើនសេដ្ឋកិច្ចបង្ហាញថាប្រទេសចិនរំពឹងថា នឹងប្រឈមនឹងសម្ពាធកាន់ តែខ្លាំងនៅក្នុងបរិយាកាសសន្តិសុខខាងក្រៅរបស់ខ្លួន ជាពិសេសពីសហរដ្ឋអាមេរិកនិងបញ្ហាតៃវ៉ាន់។

លោកអះអាងថា ៖«មេដឹកនាំចិនកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងយ៉ាងច្បាស់លាស់ ដោយ រៀបចំពង្រឹងសមត្ថភាពយោធា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែលមានសក្តានុពលទាំងអស់ រួមទាំងបញ្ហាដែលអាចកើតមានជាយថាហេតុ»។

ប្រទេសចិនជាប្រទេសដែលមានកងទ័ពនិងបុគ្គលិកផ្នែកយោធាច្រើនជាងគេទូទាំងពិភពលោក។ប្រទេសនេះកំពុងពង្រឹងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងនាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងបំបាំងកាយ ជាដើម។
លោក Takashi Kawakami សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Takushoku នៅទីក្រុងតូក្យូ បាននិយាយថា ប្រទេសចិនប្រហែលជានឹងផ្តល់អាទិភាពដល់សមត្ថភាពនុយក្លេអ៊ែររបស់
ខ្លួនទៀតផង។លោកថា ៖« ខ្ញុំគិតថាចិនក៏នឹងប្រើប្រាស់ថវិកាជាតិ ដើម្បីកសាងសមត្ថភាពចម្បាំងតាម អ៊ីនធឺណិត និងអវកាស ក៏ដូចជាកងកម្លាំងនាវាមុជទឹករបស់ខ្លួន»។
ថវិកាការពារជាតិរបស់ចិនក្នុងឆ្នាំ 2023 មានចំនួនប្រហែលមួយភាគបួននៃផែនការចំណាយរបស់សហរដ្ឋអាមេរិក។ អ្នកការទូត និងអ្នកជំនាញការបរទេសជាច្រើនជឿថាទីក្រុងប៉េកាំងលាក់បាំងចំនួនតួរលេខពិតប្រាកដនៃចំណាយផ្នែកយោធាជាក់ស្ដែង។

នៅឆ្នាំ ២០២៣ថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកមានចំនួនប្រមាណ៨៥៨ ពាន់លានដុល្លារ។ ចំនួននេះរាប់ទាំងការចំណាយយោធា និងរួមបញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់ការទិញសព្វាវុធ កប៉ាល់ យន្តហោះ ព្រមទាំងការគាំទ្រសម្រាប់តៃវ៉ាន់និងសម្រាប់អ៊ុយក្រែនផង។

សង្គ្រាមនៅអ៊ុយក្រែនបានជំរុញឱ្យប្រទេសមួយចំនួន ចាប់ផ្ដើមគិតគូរឡើងវិញពីស្ថានភាពយោធារបស់ខ្លួន រាប់ចាប់តាំងពីនយោបាយការពារជាតិ ឧស្សហកម្មយោធា ការបង្កើតថវិការទិញអាវុធ ជាដើម៕
ដោយ: វណ្ណស័ក្កិ

ads banner