លោកនុត សម្បត្តិ៖ ការសម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជនមួយ ដែលធ្វើឲ្យស្ដ្រីម្នាក់បានស្លាប់វាជារឿងដែលត្រឹមត្រូវស្របតាមច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ:ប្រធានវិទ្យាស្ថាន វេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា លោក នុត សម្បត្តិ បានប្រាប់ឱ្យដឹងថា ការសម្រេចរបស់ក្រសួងសុខាភិបាល ក្នុងការបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជនមួយដែលដែលបណ្ដាលឲ្យស្ដ្រីម្នាក់បានស្លាប់ គឺវាជារឿងដែលត្រឹមត្រូវស្របតាមច្បាប់ ស្របពេលសង្គមស៊ីវិល ចង់ឲ្យក្រសួងចាត់វិធានការតាមផ្លូវច្បាប់ប្រកបដោយភាពយុត្តិធម៌លើអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធដើម្បីជាគំរូកុំឲ្យមានការធ្វើខុសច្បាប់តទៅទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៤ ខែមីនា ស្ដីពីការសម្រេចបិទ និងដកហូតលិខិតអនុញ្ញាតឲ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជន អឹម២៥ ប៊ីយូធីរបស់លោកវេជ្ជបណ្ឌិត ភោគ ចន្ធី ជាអ្នកទទួលខុសត្រូវ បន្ទាប់ពីបុគ្គលិកដែលគ្មានគុណវុឌ្ឍិ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាល ធ្វើឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិត។

សេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា៖«ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួលខុសត្រូវក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី»។

ទាក់ទិនរឿងនេះ លោក នុត សម្បត្តិ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៥ ខែមីនា ថា ការដែលក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អឹម២៥ ប៊ីយូធី ក្រោយពីមានការវះកាត់បណ្ដាលឱ្យស្រ្តីម្នាក់បានស្លាប់ គឺជាការសម្រេចមួយដ៏ត្រឹមត្រូវ ហើយក្រសួងក៏នឹងមានវិធានការបន្ថែមទៀត និងមានភាពច្បាស់លាស់ទៅតាមផ្លូវច្បាប់ ជាពិសេសការវាយតម្លៃមជ្ឍមណ្ឌលកែសម្ផស្សមួយនេះ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការ ពីព្រោះថាមជ្ឍមណ្ឌលនេះ បានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស។

លោកបានបន្តថា ដូច្នេះហើយការព្រមព្រៀងទៅលើបច្ចេកទេសវិជ្ជាជីវៈ គឺជារឿងសំខាន់ដេលមិនគួរអនុញ្ញាតឲ្យមានការបើកការកែសម្ផស្សរហូតដល់អាយុជីវិតមនុស្សយ៉ាងដូច្នេះទេ។
ទន្ទឹមនោះទៀត លោកក៏បានលើកឡើងដែរថា ៖ «ចំពោះបណ្ដាញសង្គមហ្វេកបុក សូមឲ្យអ្នកដែលប្រើប្រាស់ កុំយកបណ្ដាញនេះ មកធ្វើជាប្រព័ន្ធតុលាការ ដោយធ្វើការកាត់សេចក្ដីថាអ្នកនោះខុស អ្នកនោះត្រូវ ហើយគួរតែទុកឲ្យសមត្ថកិច្ច គឺជាអ្នកដោះស្រាយ ជាអ្នកបំភ្លឺចំពោះករណីទាំងនេះ ថាជាកំហុសឆ្គងបច្ចេកទេស ឬជាកំហុងឆ្គងយ៉ាងដូចម្ដេច សមត្ថកិច្ចពួកគាត់ នឹងធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ហើយមិនគួរធ្វើការវាយតម្លៃទៅលើវេជ្ជបណ្ឌិតនៅស្រុកខ្មែរ និងធ្វើការវាយប្រហារពួកគាត់»។

ក្រៅពីនេះទៀត លោក នុត សម្បត្តិ ក៏សុំឲ្យអ្នកលេងបណ្ដាញសង្គម គួរតែនិយាយពីព្រឹត្តិការណ៍ដែលកើតឡើង កុំវិភាគអ្វីដែលហួសពីការពិត ហើយទុកបញ្ហាទាំងនេះទៅឲ្យក្រសួងសុខាភិបាល គណៈគ្រូពេទ្យ និងតុលាការ ដើម្បីឲ្យពួកគាត់ គឺជាអ្នកចាត់ចែង វែកញែកត្រឹមត្រូវជាដើម។

លោក នុត សម្បត្តិ បានថ្លែងថា ៖ «ខ្ញុំគិតថាគ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះមនុស្ស មិនមែនជាអ្នកប្រោសមនុស្សឲ្យរស់ទេ ក្នុងករណីខ្លះទោះបីគ្រូពេទ្យមិនបានព្យាបាលគាត់ក៏គាត់ត្រូវស្លាប់ដែរ ពីព្រោះជំងឺគាត់ដល់ដំណាក់កាលហ្នឹង។ មួយវិញទៀត វាអាចមកកំហុសបច្ចេកទេសវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល មន្ត្រីសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាគ្លីនិកនៅឯកជនផងដែរ ដែលខ្វះវិជ្ជាជីវៈ សមត្ថភាព ក៏ក្លាយទៅជាការខ្វះភាពប្រុងប្រយ័ត្នបែបនេះ»។

លើសពីនេះទៀត លោកថាលោកក៏មិនអាចធ្វើការវាយតម្លៃបានទេថា សុទ្ធតែខ្វះគុណវុឌ្ឍិ វាមិនមែនទេដូច្នេះទេ ត្រូវតែមានការពិចារណាទាំងសងខាង ត្រូវវិភាគរកអង្គហេតុ អង្គសេចក្ដី ទើបយើងអាចវិនិច្ឆ័យបានត្រឹមត្រូវ មិនអាចស្ដាប់តែម្ខាងបាននោះទេ ពីព្រោះមានអ្នកជំងឺខ្លះ មានស្ថានភាពធ្ងន់ធ្ងររួចហើយ ហេតុនេះគ្រូពេទ្យមិនអាចជួយសង្គ្រោះពួកគាត់បានទេ ដូច្នេះវាអាចនឹងក្លាយទៅជាកំហុសគ្រូពេទ្យជាក់ជាមិនខាន។

លោក នុត សម្បត្តិ បានបញ្ជាក់ថា ៖ «បច្ចុប្បន្ននេះខ្ញុំជឿជាក់ថាវេជ្ជបណ្ឌិតខ្មែរ គឺពួកគាត់មានក្រមសីលធម៌ វិជ្ជាជីវៈច្រើន ដោយសារក្រសួងបានរឹតបណ្ដឹង ហើយព្រមទាំងមានគណៈគ្រូពេទ្យ គណៈវិជ្ជាជីវៈ គណៈឱសថជាដើមដែលមានចំនួនច្រើនផងដែរ ក្នុងខណៈដែលកើតមានបញ្ហាអ្វីមួយ គឺត្រូវរួមគ្នារកមូលហេតុ ដោយកុំឲ្យបណ្ដាញសង្គមមកធ្វើការជាអ្នកកាត់សេចក្ដីរាលបញ្ហាដែលកើតឡើងទាំងអស់នេះផងដែរ»។

ជាមួយគ្នានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ការសម្រចបិទមជ្ឍមណ្ឌលកែសម្ផស្សឯកជននេះវាជារឿងមួយ ព្រោះមជ្ឍមណ្ឌលនេះមានអ្នកស្លាប់ពេលកែសម្ផស្ស ប៉ុន្តែអ្វីដែលក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវដំណើរការបន្ត គឺលក្ខណៈបច្ចេកទេសក្នុងការកែសម្ផស្ស លោកចោទជាសំណួរថា តើវាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែឬទេ? តើគ្រូពេទ្យ ឬអ្នកឯកទេសនៅមណ្ឌលកែសម្ផស្សនេះមានចំណេះ និងជំនាញ ឬសញ្ញាប័ត្រដែលទទួលស្គាល់ដែរឬទេ?។

លោកបន្តថា បើសិនជាដំណើរការកែសម្ផស្សនោះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានលក្ខណៈសម្បត្តិ ឬសញ្ញាប័ត្រទទួលស្គាល់ទេ គឺត្រូវវចាត់វិធានការតាមផ្លូវច្បាប់លើអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធដើម្បីជាគំរូកុំឲ្យមានការធ្វើខុសច្បាប់តទៅទៀត ប៉ុន្តែការស្រាវជ្រាវ និងស៊ើបអង្កេតត្រូវធ្វើឡើងដោយតម្លាភាព និងយុត្តធម៌។
លោក អំ សំអាតលើកឡើងថា ៖ «ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវដំណើរការបន្ត គឺលក្ខណៈបច្ចេកទេសក្នុងការកែសម្ផស្ស តើត្រូវតាមលក្ខណៈបច្ចេកទេសដែឬទេ? តើគ្រូពេទ្យ ឬអ្នកឯកទេសនៅមណ្ឌលកែសម្ផស្សនេះមានចំណេះ និងជំនាញ ឬសញ្ញាប័ត្រដែលទទួលស្គាល់ដែរឬទេ? បើសិនជាដំណើរការកែសម្ផស្សនោះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមិនមានលក្ខណៈសម្បត្តិ ឬសញ្ញាប័ត្រទទួលស្គាល់ទេ គឺត្រូវវចាត់វិធានការតាមផ្លូវច្បាប់លើអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធដើម្បីជាគំរូកុំឲ្យមានការធ្វើខុសច្បាប់តទៅទៀត»។
លោកបានបន្ថែមថា ក្រសួងសុខាភិបាល ក៏គួរតែត្រួតពិនិត្យមជ្ឍមណ្ឌលកែសម្ផស្ស គ្លីនិកឯកជនផ្សេងទៀត ដើម្បីកុំឲ្យមានករណីទាំងនេះកើតឡើងទៀត ហើយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ តាមលក្ខណៈបច្ចេកទេស បើមជ្ឍមណ្ឌលកែសម្ផស្ស ឬគ្លីនិកណាមិនអនុត្តតាមច្បាប់ ឬមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្រសួងត្រូវអនុវត្តតាមច្បាប់។
លោក ភោគ ចន្ធី អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលកែសម្ផស្សឯកជន អឹម២៥ ប៊ីយូធី មិនអាចទាក់ទងសុំការអធិប្បាយទាក់ទងនឹងការសម្រេចបិទមជ្ឈមណ្ឌលនេះ បានទេ កាលពីថ្ងៃទី៥ ខែមីនា។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ មានស្ត្រីម្នាក់បានស្លាប់ ខណៈពេលដែលកំពុងវះកាត់ដើមទ្រូងនៅមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលស្ត្រីរងគ្រោះនេះ ត្រូវបានស្គាល់ឈ្មោះថា ឃុន ចន្នី អាយុ៤១ មានទីលំនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត៕

ដោយ: ជា សុខនី

ads banner