សមាគមស្វាយចន្ទីកម្ពុជា រំពឹងពីស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទីក្រោយចុះអនុស្សរណៈជាមួយវៀតណាម

អត្ថបទដោយ៖
CPA

ភ្នំពេញ:ក្រោយពីការចុះ អនុស្សរណៈណៈយោគយល់រវាង សមាគមស្វាយចន្ទីកម្ពុជា (សសក) និងសមាគមស្វាយចន្ទីវៀតណាម Vinacas ក្នុងការទិញលក់គ្រាប់ឆៅត្រង់ទៅក្រុមហ៊ុនកែច្នៃរបស់វៀតណាម ដើម្បីកាត់បន្ថយឈ្មួញកណ្តាលសមាគមស្វាយចន្ទីកម្ពុជារួចមក សសករំពឹងថា គ្រាប់ស្វា យចន្ទីឆៅ ដែលកសិករផលិតបាននឹងមានតម្លៃសមរម្យ មានស្ថិរភាព ខណៈដែលកម្ពុជាមានរោងចក្រកែច្នៃតិច ត្រូវការការបញ្ជារទិញគ្រាប់ឆៅ ពីវៀតណាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីរកម្ពុជា (សសក)បានប្រាប់ឱ្យដឹងថា បន្ទាប់ ពី ចូលរួម សន្និសីទស្វាយ ចន្ទីពិភពលោកនៅប្រទេស អារ៉ាប់រួមកាលពីពេលថ្មីៗនេះ លោកបានក៏បានបន្តដឹកនាំប្រទិភូចូលរួមក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំនៅវៀតណាមលើកទី១២ (Golden Cashew Randevous) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមទៀត ដោយនៅក្នុងពិធីបុណ្យនោះដែរ សមាគមស្វាយចន្ទីកម្ពុជា បានចុះអនុស្សារណៈយោ គយល់ ជាមួយសមាគមស្វាយចន្ទីវៀតណាម Vinacas ក្នុងការទិញលក់គ្រាប់ឆៅត្រង់ទៅក្រុមហ៊ុនកែច្នៃរបស់វៀតណាម ដើម្បីកាត់បន្ថយឈ្មួញកណ្តាល ដែលធ្វើឱ្យកសិករលក់បានក្នុងតម្លៃខ្ពស់។

លោកបានបន្ថែមថា ក្រោយការចុះអនុស្សរណៈនេះ សសក បានទទួលក្រុមហ៊ុនទិញគ្រាប់ឆៅស្ងួតចំនួន២បន្ថែមទៀតពីវៀតណាម ខណៈដែលកន្លងទៅ មានក្រុមហ៊ុនឯករបស់វៀតណាមចំនួន៥រួចហើយ ដែលបានទាក់ទងមកសមាគមដោយផ្ទាល់ និងបានចាប់ផ្តើមអនុវត្តកិច្ចទិញដោយផ្ទាល់ពីឆ្នាំ២ ០២៣នេះទៅ។

លោក អួន ស៊ីឡុត បានបញ្ជាក់ដូច្នេះថា ៖ «មកទល់ពេលនេះ សសក បានទទួលក្រុមហ៊ុនទិញគ្រាប់ឆៅស្ងួត ចំនួន៩ ដោយក្នុងនោះក្រុមហ៊ុនវៀតណាម ៧ និងក្រុមហ៊ុនឥណ្ឌា២។ សសក បានជំរុញឲ្យឃ្លាំងទិញគ្រាប់ឆៅកម្ពុជាចំនួន៣ ដែលមានទំនួលខុសត្រូវសង្គម ចូលរួមដើម្បីចរចារលក្ខ ខណ្ឌផ្សេងៗ និងចុះកិច្ចសន្យាធុរកិច្ចជាមួយក្រុមហ៊ុនទាំងនេះ។ អ្វីដែលខ្ញុំសសក ចង់បានបំផុត គឺតម្លៃសមរម្យមួយដែលមានស្ថិរភាព ដែលជាហេតុធ្វើឱ្យសសក ទាក់ទងក្រុមហ៊ុន ឯកជនមកពីគ្រប់ប្រទេសទាំងអស់ មកទិញ គ្រាប់ស្វាយចន្ទីឆៅរបស់យើង ដោយសារយើងមានរោងចក្រកែច្នៃតិច ដូចនេះអ្វីដែលយើងធ្វើបាន គឺនាំចេញគ្រាប់ឆៅសិន»។

បើតាមប្រធាន សសក រូបនេះ នៅឆ្នាំ២០២៣នេះ ដោយសារគុណភាពគ្រាប់ស្វាយចន្ទីល្អ និងគោលនយោបាយរបស់សមាគម ស្វាយចន្ទីកម្ពុជាស្របនឹង គោលនយោបាយជាតិស្វាយចន្ទីរបស់រាជរដ្ឋាភិ បាលផង បានឱ្យតម្លៃគ្រាប់ស្វាយចន្ទីមានតម្លៃល្អ និងមានស្ថិរភាព នៅក្នុងរយៈពេលប៉ុ ន្មានខែចុងក្រោយនេះ។
ពាក់ព័ន្ធនឹង ការបញ្ជារទិញគ្រាប់ស្វាយចន្ទី ពីខាងក្រុមហ៊ុនឥណ្ឌាវិញ លោក ស៊ីឡុត បានប្រាប់ថា នៅក្នងសន្និសីទស្វាយចន្ទីពិភពលោក World Cashew Conference កាលពីពេលថ្មីៗនេះ ឈ្មួញឥណ្ឌា បានចាប់អារម្មណ៍ខ្លាំងលើគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយសារតែមានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ ដូចនេះបច្ចុប្បន្ន ពួកគេកំពុងសិក្សាឱកាសនិងឧបស័គ្គ ក្នុងការនាំគ្រាប់ឆៅចេញពីកម្ពុជាទៅឥណ្ឌា។

លោកបានគូសបញ្ជាក់ថា ៖ «ការណ៍ដែលខាងឥណ្ឌា ត្រូវសិក្សាឱកាសនិងឧបសគ្គ មុននឹងនាំគ្រាប់ឆៅចេញពីកម្ពុជាទៅនេះ ដោយសារតែគេបា រម្ភពីការដឹកជញ្ជូន និងឧបសគ្គផ្សេងៗដែលកើតមាននៅស្រុកខ្មែរ។ការពិតឥណ្ឌាបានទិញគ្រាប់ស្វាយចន្ទីយើងមួយចំនួនហើយ គឺក្រុមហ៊ុនណាហ្គា ប៊ូរ៉ា ប៉ុន្តែទិញក្នុងចំនួនទ្រង់ទ្រាយតូច។ឥឡូវនេះគាត់ចង់ទិញលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែគាត់តែចង់សិក្សាព្រោះកម្ពុជាមានចន្ទីច្រើនប្រភេទ។បើយើងសម្រួលពាណិជ្ជកម្មឱ្យបានលឿន ខ្ញុំសង្ឃឹមថា ឥណ្ឌាអាចបញ្ជារទិញ ពីយើងឆាប់ៗនេះ»។
ជុំវិញការជំរុញនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃនេះដែរ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈកន្លងមកនេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខ បើមានលទ្ធភាព កម្ពុជាអាចក្លាយជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីដ៏ធំមួយ ក្នុងចំណោមប្រទសចែកចាយធំៗដទៃទៀត នៅលើពិភពលោក ដែលហៅថាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ព្រោះក្នុងមួយឆ្នាំកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ១លានតោន ខណៈដែលកម្ពុជា កែច្នៃខ្លួនឯងបានតិចតួចណាស់ ដែលបានយកមកតាំងពិព័រណ៍លក់នាពេលកន្លងមក។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងដូច្នេះថា ៖ «គោលនយោបាយស្វាយចន្ទី ដែលយើបានដាក់ចេញកាលពីប៉ុន្មានខែមុននោះ គឺសំដៅទាក់ទាញការកែច្នៃនៅក្នុងស្រុក។វៀតណាមនិងឥណ្ឌា គឺជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ច្រើនកន្លែង នៅលើពិភពលោក ប៉ុន្តែវៀតណាមគាត់ទៅដឹកគ្រាប់ស្វាយចន្ទីមួយចំនួនពីប្រទេសអាហ្វ្រិកមួយចំនួនយកមកកែច្នៃ ហើយក៏មានមួយផ្នែក ដែលកម្ពុជាយើងពឹងផ្អែកលើទីផ្សារវៀតណាម ដើម្បីនាំចេញគ្រាប់ស្វាយចន្ទីទៅទីនោះ។ឥណ្ឌាក៏ដូចគ្នា មួយផ្នែក ដាំដុះនៅក្នុងស្រុក តែមួយផ្នែកទៀតក៏គាត់នាំចូលដែរ។ គ្រាប់ស្វាយចន្ទីនេះ វានាំចេញទៅកាន់គោលដៅទេសចរណ៍ នៅតាមទីផ្សារ នានានៅលើពិភពលោក»។

របាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ស្វាយចន្ទី ជាប្រភេទដំណាំស្ថិតនៅក្នុងអនុវិស័យកសិកម្ម ដែលបាននាំចំណូលចាក់ចូលចរន្តសេដ្ឋកិច្ចប្រមាណជាងមួយពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ដោយស្ថិតនៅក្នុងលំដាប់ទី២ បន្ទាប់ស្រូវអង្ករ។ ទោះជាយ៉ាងណា ចំណូលនេះមានការធ្លាក់ចុះ ប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានប្រមាណ១៦០០លានដុល្លារ៕
ដោយ: វណ្ណសុជាតា

ads banner