ប្រទេស ប៊ូរុនឌី នឹងបញ្ជូនទ័ពទៅជួយទប់ទល់នឹងក្រុមឧទ្ទាម នៅប្រទេសកុងហ្គោ

ហ្គីតេឡា៖ ប្រទេស ប៊ូរុនឌី នឹងដាក់ពង្រាយកងទ័ព ទៅកាន់តំបន់ភាគខាងកើត នៃប្រទេស កុងហ្គោ ជួយប្រឆាំងនឹងក្រុមឧទ្ទាម។

ប្រទេស ប៊ូរុនឌី នឹងដាក់ពង្រាយទាហាន១០០ នាក់ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាភាគខាងកើត ជាតំបន់ងាយនឹងកើតមានសកម្មភាពក្រុមឧទ្ទាម ជាផ្នែកនៃកងកម្លាំងក្នុងតំបន់ នេះបើតាមមន្ត្រីយោធាជាន់ខ្ពស់របស់ ប៊ូរុនឌី បានប្រាប់ AFP កាលពីថ្ងៃសៅរ៍។

សហគមន៍អាហ្រ្វិកខាងកើត ដែលមានប្រទេសចំនួនប្រាំពីរ បានដាក់ពង្រាយទាហាន កាលពីចុងឆ្នាំមុន នៅភាគខាងកើត ប្រទេសកុងហ្គោ ដែលកំពុងតស៊ូជាមួយនឹងការកើនឡើងនៃកងជីវពលរួមទាំងចលនាឧទ្ទាម ដែលគេស្គាល់ថា ក្រុម«២៣ មីនា»។

ការប្រយុទ្ធគ្នានៅក្នុងខេត្ត ន័រ គីវូ (North Kivu) បានជម្លៀសប្រជាជនយ៉ាងច្រើន និងធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ដោយរដ្ឋាភិបាល កុងហ្គោ បានចោទប្រកាន់ប្រទេស រវ៉ាន់ដា (Rwanda) ថាបានគាំទ្រ ក្រុម«២៣ មីនា» ប៉ុន្តែ ការអះអាងនេះ ត្រូវបានបដិសេធដោយប្រទេសរវ៉ាន់ដា បើទោះបីជាការចោទប្រកាន់នោះត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន។

កងជីវពលបានងើបឡើងវិញពីភាពស្ងប់ស្ងាត់នៅចុងឆ្នាំ ២០២១ ដោយបន្តកាន់កាប់ទឹកដីជាច្រើននៅតំបន់ ន័រ គីវូ រួមទាំងតំបន់ភាគច្រើននៅភាគខាងជើងនៃ ក្រុងសំខាន់ ហ្គោម៉ា (Goma) ទៀតផង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner