គណបក្សរបស់នាយករដ្ឋមន្ត្រីអេស្តូនី ឈ្នះការបោះឆ្នោតទូទៅ
តាល់លីន៖ គណបក្សស្តាំនិយមកណ្តាលរបស់នាយករដ្ឋមន្ត្រីនៃប្រទេសអេស្តូនីបានឈ្នះការបោះឆ្នោតសកល។
គណបក្សកំណែទម្រង់ស្តាំនិយមកណ្តាលរបស់ នាយករដ្ឋមន្ត្រីប្រទេស អេស្តូនី លោកស្រី ហាចា កាឡាស់ (Kaja Kallas) បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ដោយទទួលបាន ៣១.៦ ភាគរយទល់នឹង ១៦ ភាគរយសម្រាប់ សម្រាប់គណបក្សអភិរក្សប្រជាជន ហៅកាត់ថា EKRE ដែលជាបក្ស ស្តាំនិយម នេះបើយោងតាមលទ្ធផលស្ទើរតែ១០០ភាគរយ។
ដើម្បីបន្តកាន់អំណាច កំណែទម្រង់នឹងត្រូវបង្កើតសម្ព័ន្ធភាពជាមួយគណបក្សមួយ ឬច្រើនដែលបានចូលសភា ដែលមាន ១០១ អាសនៈរបស់ ប្រទេសដែលស្ថិតក្នុងតំបន់ បាល់ទិក មួយនេះ។
លោកស្រី ហាចា កាឡាស់ (Kaja Kallas) បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺល្អជាងដែលយើងរំពឹងទុក” ។ “យើងបានច្រានចោលសម្ព័ន្ធភាព ជាមួយ EKRE ហើយខ្ញុំឈរតាមពាក្យរបស់ខ្ញុំ” ។
គណបក្សកំណែទម្រង់ស្តាំនិយមកណ្តាល គឺជាគណបក្សសេរីនិយមកណ្តាល ដែលអំពាវនាវជាសំខាន់ដល់ម្ចាស់អាជីវកម្ម និងអ្នកជំនាញវ័យក្មេង។
បក្សក៏ធ្លាប់បានសន្យាថា នឹងបង្កើនការចំណាយយោធាដល់យ៉ាងហោចណាស់ បីភាគរយនៃផលិតផលក្នុងស្រុកសរុប បន្ធូរបន្ថយពន្ធលើអាជីវកម្ម និងចង់អនុម័តច្បាប់អនុម័តភាពជាដៃគូស៊ីវិល ភេទដូចគ្នា ទៀតផង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត
